ក្រៅពីជាទីសក្ការៈ និងកន្លែងប្រវត្តិសាស្ត្រ ប្រាសាទភ្នំបូក ក៏មានសក្ដានុពលទេសចរណ៍ យ៉ាងសម្បូរបែបផងដែរ


ភ្នំបូក ជាទីតាំងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ បានច្រើនបំផុតមួយដែរ ប្រចាំខេត្តសៀមរាប ដោយនៅលើភ្នំបូក គឺមានប្រាសាទចំនួនពីរ ដែលនៅចំពីលើដំបូល នៃប្រាសាទនីមួយៗ មានដើមចំប៉ា អាយុកាលយូរឆ្នាំ ដុះលើនោះ។ នៅខែមេសា រៀងរាល់ឆ្នាំ គេអាចទៅមើលផ្កាចំប៉ាពណ៌ស នៅទីនោះបាន យ៉ាងស្រស់ស្អាត។ ទីតាំងប្រវត្តិសាស្ត្រមួយទៀត នៅលើភ្នំបូក គឺលឹង្គព្រះឥសូរ ធ្វើពីថ្មភក់ ដែលមានកំពស់ ៤ ម៉ែត្រ និងមុខកាត់ ១ ម៉ែត្រ ហើយធំជាងគេបំផុត នៅប្រទេសកម្ពុជា ដែលដូនតាខ្មែរ បានកសាង។

គេដំណាលថា លឹង្គនេះត្រូវបានដកយកចេញ ពីយោនីធ្វើពីថ្មបាយក្រៀម និងដាក់នៅក្បែរនោះ កាលពីសម័យបារាំង គ្រប់គ្រងកម្ពុជា។ ទីតាំងមួយទៀត ដែលគេមិនអាចភ្លេចបាន នៅលើភ្នំបូកគឺ ជាកន្លែងដែលអាច មើលឃើញបារាយណ៍ ភ្នំបាខែង ប្រាសាទនាគព័ន្ធ ប្រាសាទប្រែរូប ភ្នំគូលែន បឹងត្រាវកុដ (ភោជនីយដ្ឋានកែច្នៃ) ភ្នំក្រោម ភ្នំដី។ អ្នកស្រុក ឬប្រជាជនខ្មែរទូទៅ តែងតែមកបន់ស្រន់ បារមីស័ក្តសិទ្ធិ របស់លោកតាប៉ោង នៅជើងភ្នំ និងលោកតាព្រហ្ម នៅលើភ្នំ ដើម្បីសុំសេចក្តីសុខ។

អ្នកស្រុកដែលរស់នៅទីនោះ គេចផុតពីការ កាប់សម្លាប់នៅក្នុងអំឡុងពេល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បាននិទានថា មានកងទ័ពខ្មែរក្រហម បានលើកគ្នាឡើង ទៅលើភ្នំបូក ក្នុងគោលបំណងវាយ កំទេចព្រះវិហារវត្ត ដែលបានកសាងនៅឆ្នាំ ១៩៦២ នៅលើភ្នំនោះ។ លុះពេលទៅដល់ មានពស់នាគរាជ យ៉ាងធំពីរក្បាល បានបង្ហាញខ្លួននៅត្រង់ ទ្វារចូលព្រះវិហារវត្តនោះ ហើយកងទ័ពខ្មែរក្រហម ក៏បានរត់ចេញមកវិញ ដោយមិនបាន វាយកំទេចវត្តនោះ និងស្ថិតស្ថេរមកដល់ បច្ចុប្បន្ននេះ។

អ្នកស្រុកមានជំនឿថា នោះជាពស់នាគរាជបារមី មើលថែរក្សាវត្ត នៅទីនោះ។ ភ្នំបូក មានកម្ពស់ ២៧០ ម៉ែត្រ ដែលមានប្រជាពលរដ្ឋនិយមមក ហាត់ប្រាណដោយការឡើងលើភ្នំ (៦៣០កាំជណ្តើរ) នេះ។ ភ្នំបូក ស្ថិតនៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ភ្នំបូកស្ថិតនៅមិនឆ្ងាយពី ព្រះដាក កន្លែងដែលល្បីថា មាននំបញ្ចុកឆ្ងាញ់ ហើយផ្លូវទៅកាន់ភ្នំបូក មានក្រាលកៅស៊ូ ងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕