កម្ពុជា បានដាក់ចេញនូវ វិធានការណ៍នានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រ ជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ប្រកបដោយប្រសិទ្ធភាព


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ វិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រ ជំរុញ និងស្តារ វិស័យទេសចរណ៍ ដូចជាលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងពន្ធអាករ លើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ជាដើម។

តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពី ទេសចរណ៏” (RETHINKING TOURISM) នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹង សភាពការណ៍ទេសចរណ៍ សកលលោក តំបន់ និងកម្ពុជា ដែលបាននឹងកំពុងប្រឈមនឹង ឧបសគ្គជាច្រើនស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃ ការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណា កើនឡើងយ៉ាងគំហុក បន្ទច់បង្អាក់ខ្សែច្រវាក់ តម្លៃនិងផលិតភាពសកល ជាពិសេស ធ្វើឱ្យសន្ទុះ នៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ច សកលលោក និងតំបន់ មានការថមថយ គួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមាន ដល់សន្ទុះកំណើនទេសចរណ៍អន្តរជាតិ ផងដែរ។

សម្តេចតេជោ បានបន្តថា តាមរយៈបញ្ហាប្រឈមទាំងនេះ កម្ពុជាក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ នឹងវិបត្តិ កាន់តែប្រសើរជាងមុន និងជាធាតុចូលដ៍សំខាន់ ក្នុងការគិតគូធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅ ចំពោះអនាគត នៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។ សម្តេចតេជោ បានបន្តទៀតថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអន្តរាគមន៍ និងវិធានការនានា ជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រ ជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap)។

ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល៖

ដំណាក់កាលទី១ (Resilience & Restart) ជាដំណាក់កាល ភាពធន់នៃវិស័យទេសចរណ៍

ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញ នៃវិស័យទេសចរណ៍

ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា៕