តំបន់ធម្មជាតិជាច្រើន ស្ថិតក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជាជំរក ដល់សត្វព្រៃច្រើនប្រភេទ និងជាទីតាំងជីវចម្រុះ ពោពេញដោយ រុក្ខជាតិរាប់ម៉ឺនប្រភេទផងដែរ។ ជាពិសេសតំបន់ធម្មជាតិទាំងនោះ ក៏ជាទីកម្សាន្ត សម្រាប់មនុស្សគ្រប់គ្នា រួមមានអ្នកចូលចិត្តបោះតង់ ឡើងភ្នំ និងដំណើរកម្សាន្ត បែបផ្សងព្រេងជាដើម។
សម្រាប់អត្ថបទនេះ យើងនឹងណែនាំមិត្តអ្នកអាន ឱ្យបានស្គាល់នូវ តំបន់ធម្មជាតិមួយទៀត ដែលមិនសូវជាមានអ្នកស្គាល់ និងមិនសូវជាមាន ប្រធានបទទាក់ទង តំបន់មួយនេះទេ ដូច្នេះនេះជាឱកាសល្អ សម្រាប់មិត្តអ្នកអាន បានដឹងទុកជាគោលដៅ សម្រាប់ដំណើរកម្សាន្តបន្ទាប់ របស់អ្នកទាំងអស់គ្នា។
តំបន់ធម្មជាតិដ៏សម្បូរបែប សហគមន៍រាំងក្វាវ ជាតំបន់ដែលពោពេញ ទៅដោយទេសភាព យ៉ាងស្រស់ស្អាត ព្រៃឈើក្រាស់ស្តុក មានទឹកធ្លាក់ថ្លាឈ្វេង ហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ឬសឈើ និងមានម្លប់ឈើត្រឈឹងត្រឈៃ។ តំបន់នេះជាទីតាំងដ៏ពិសេស សម្រាប់អ្នកទេសចរ បែបផ្សងព្រេង សម្បូរទៅដោយ សក្ដានុពលសំខាន់ៗជាច្រើន ដូចជា កំពូលភ្នំក្វាវ ឬភ្នំលោកតាក្រហមក, ស្ទឹងសេនាធិការ, ទឹកធ្លាក់ឆាយ សន្ទរ,ទឹកធ្លាក់ តោតវៀងជាដើម។
ទាំងនេះជាគោលដៅ ដែលមិត្តអ្នកអាន គួរតែកត់ចំណាំទុក និងអាចចំណាយពេល ធ្វើដំណើរកម្សាន្តនៅសហគមន៍នេះ ដើម្បីទទួលបាន អារម្មណ៍ស្រស់ស្រាយ ស្មារតីភ្លឺស្វាង នៅពេលបានទៅដល់ តំបន់ធម្មជាតិបែបនេះ។