Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ Malaysia Airlines បានប្រកាសថា ការពាក់ម៉ាស់នៅលើយន្តហោះ នឹងត្រូវបានបញ្ឈប់ និងមានប្រសិទ្ធភាពភ្លាមៗ ចាប់ពីពេលប្រកាសនេះតទៅ និងអាស្រ័យលើ ការសម្រេចចិត្ត របស់ប្រទេសគោលដៅ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល Khairy Jamaluddin បាននិយាយនាពេលថ្មីៗនេះថា ម៉ាឡេស៊ី គួរតែដកកាតព្វកិច្ចពាក់ម៉ាស់ លើជើងហោះហើរពាណិជ្ជកម្ម។
ជាហេតុដូច្នេះ អគ្គនាយកក្រុមហ៊ុន MAG Group លោក Izham Ismail បានជូនដំណឹងដល់រដ្ឋមន្ត្រី Khairy អំពីលក្ខណៈពិសេស ដែលមាននៅលើយន្តហោះ រួមទាំងប្រព័ន្ធចរាចរខ្យល់ នៅក្នុងបន្ទប់ ដែលខ្យល់ក្នុងកាប៊ីន ត្រូវបានបន្សុទ្ធពី 20 ទៅ 30 ដងក្នុងមួយម៉ោង និងការប្រើប្រាស់ តម្រង់ខ្យល់ភាគល្អិត ដែលមានប្រសិទ្ធភាពខ្ពស់។
វាមានសមត្ថភាពចម្រោះ 99.9% នៃមេរោគក្នុងខ្យល់ រួមទាំងមេរោគ និងបាក់តេរីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ MAG លើកទឹកចិត្តអ្នកដំណើរ ដែលមានស្ថានភាព រាងកាយមិនល្អ ឬមិនមាំមួន ឬបុគ្គលដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលធ្វើដំណើរ ជាមួយបុគ្គលដែលមាន ហានិភ័យខ្ពស់ អាចបន្តពាក់ម៉ាស់ នៅលើយន្តហោះបាន។