សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយនៅថ្ងៃទី ៥ វិច្ឆិកានេះ បានឲ្យដឹងថា ប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ កំពុងត្រូវបានក្រុមអ្នកជំនាញរបស់ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ចុះអនុវត្តគម្រោងជួសជុល ឱ្យរឹងមាំឡើងវិញ។
គួរឲ្យដឹងផងថា ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្ន កំពុងរងការខូចខាតខ្លាំង។
ក្នុងនោះដែរ លោក ជា សារិទ្ធ បុរាណវិទូ និងជាប្រធានការងារការដ្ឋាន បានឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំង នៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំ ស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល ២០-៣០% ប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូត ទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ ប្រហែល ៥០% ដែរ។
ក៏ព្រោះតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាម ដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្ន របស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈ របស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។
ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្ម ដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់ ៥០០ដុំ ផ្នែកខាងជើងមានចំនួន ៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយ មានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។
គូសសម្គាល់ផងដែរថា បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាល នៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល។
ប្រភព៖ អាជ្ញាធរជាតិអប្សរា