សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃទី ៦ វិច្ឆិកានេះ បានឲ្យដឹងថា ការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែ មកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែង ធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំ ឡើងវិញ។
គិតមកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង ៧០% ហើយ ដោយគម្រោងនឹងបញ្ចប់ នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
ក្នុងនោះដែរ មន្ត្រីបច្ចេកទេសនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ម៉ៅ សុខនី បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ អនុវត្តបានប្រមាណជាង ៧០% ដោយគ្រោងនឹងបញ្ចប់ គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
មន្ត្រីបច្ចេកទេសរូបនេះ បានបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀត ដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយក ថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញ នៅផ្នែកខឿន បានប្រមាណ ៣០% ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដី មកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។
ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បាន ជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពី ថ្មបាយក្រៀមចំនួន៥កន្លែង រួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅ ជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែង មានសោភណ្ឌឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តបានទៀតផង។
ប្រភព៖ អាជ្ញាធរជាតិអប្សរា