វៀតណាម ជាប្រទេសនាំចេញ កាហ្វេធំបំផុតលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល និងជាប្រទេសនាំចេញ ទុរេនធំបំផុតទី២ បន្ទាប់ពីប្រទេសថៃ ដែលកសិ-ឧស្សាហកម្មទាំង ២ ប្រភេទនេះ បានក្ដោបយកមួយភាគធំ នៃផលិតផលកសិកម្មក្នុងស្រុក និងការនាំចេញកសិកម្មទាំងមូល របស់វៀតណាម។
កាលពីឆ្នាំ២០២៣ កន្លងទៅ វៀតណាមបាននាំចេញកាហ្វេ ទៅកាន់ទីផ្សារអន្តរជាតិសរុប ១,៦១ លានតោន ដែលស្មើនឹងទឹកប្រាក់សរុប ៤,១៨ ពាន់លានដុល្លារ ជាមួយអត្រាតម្លៃកាហ្វេជាមធ្យម ២ ៦១៤ ដុល្លារក្នុងមួយតោន។
វៀតណាម បានក្ដោបយកទីផ្សារនាំចេញ គ្រាប់កាហ្វេសរុបជាង ២០% នៅលើពិភពលោក នៅពីក្រោយតែប្រទេសប្រស៊ីលប៉ុណ្ណោះ ដែលបាននាំចេញកាហ្វេសរុប ៧,៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣។ ប្រទេសទីផ្សារនាំចេញកាហ្វេសំខាន់ៗរបស់វៀតណាម មានដូចជា ប្រទេសអាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ ជប៉ុន ប៊ែលហ្សិក និងចក្រភពអង់គ្លេស ហើយក្រុមហ៊ុននាំចេញ កាហ្វេធំបំផុតរបស់វៀតណាម គឺក្រុមហ៊ុន Intimex Group JSC។
ដំណាំមួយទៀត ដែលជាទីផ្សារកសិកម្មធំទី២ របស់វៀតណាម គឺទុរេន។ ថ្វីត្បិតតែទុរេន ជាដំណាំផ្លែឈើមិនសូវមាន ទីផ្សារខ្ពស់នៅប៉ែកអឺរ៉ុប និងអាមេរិច ប៉ុន្តែនៅអាស៊ីអាគ្នេយ៍ ទុរេន គឺជាផ្លែឈើមានតម្លៃបំផុត ឬហៅថា “King of fruit”។ កាលពីឆ្នាំ២០២៣ កន្លងទៅ វៀតណាមបាននាំចេញ ផ្លែទុរេនសរុបប្រមាណ ៥០០ ០០០ តោន សរុបជាទឹកប្រាក់ ២,៣ ពាន់លានដុល្លារ ហើយប្រទេសដែល ជាទីផ្សារនាំចេញទុរេនធំបំផុត គឺប្រទេសចិន ដែលបានក្ដោបយកការនាំចេញទុរេនវៀតណាម ប្រមាណ ៩០% ខណៈប្រទេសថៃ ជាទីផ្សារទិញទុរេនវៀតណាមទី២ បន្ទាប់ពីចិន។
ដោយឡែក សម្រាប់រយៈពេល ១០ ខែក្នុងឆ្នាំ២០២៤ វៀតណាម បាននាំចេញផលិតផលកសិកម្មសរុប ៥១,៧៤ ពាន់លានដុល្លារ ក្នុងនោះ មានបន្លែផ្លែឈើ សរុបចំនួន ៦,៣៤ ពាន់លានដុល្លារ ហើយដំណាំ កាហ្វេ ធុរេន និងស្រូវ-អង្ករ ជាផលិតផលកសិកម្ម នាំចេញសំខាន់បំផុតរបស់វៀតណាម។ យោងតាមរបាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បង្ហាញថា នៅរយៈពេល ១០ ខែក្នុងឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចេញធុរេន បានរហូតដល់ ៣ ពាន់លានដុល្លារជាលើកដំបូង ដោយរំពឹងអាចកើនដល់ ៣,៥ ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ ដោយសារតម្រូវការនាំចេញធុរេន ទៅប្រទេសចិន បានកើនឡើងជិត ៥០%។ ចំណែកការនាំចេញកាហ្វេវិញ សម្រេចបានទឹកប្រាក់ ៤,៦ ពាន់លានដុល្លារ ដែលកើនឡើង ៤០% ធៀបទៅនឹងឆ្នាំមុន ដោយសារតែមានតម្រូវការខ្ពស់ ជាពិសេសនៅប្រទេសហ្វីលីពីន និងម៉ាឡេស៊ី។
ប្រភព៖ Vietnam Investment Review