មូលហេតុសំខាន់ៗ ដែលធ្វើអោយមហាកំពែងចិន ល្បីល្បាញ ពាសពេញពិភពលោក!


មហាកំពែងចិន ជាអត្តសញ្ញាណភាពរុងរឿង នៃអរិយធម៌ចិន ជាសំណង់ដ៏អស្ចារ្យ កសាងឡើងក្នុងគោលបំណង ការពារផ្លូវសូត្រពាណិជ្ជកម្ម ជាកំពែងការពារសត្រូវឈ្លានពាន និងរារាំងអារិយធម៌នគរខាងជើង មកបញ្ជ្រៀបចូលវប្បធម៌ខាងត្បូង។ សំណង់កំពែងប្រវែងជាង ២ ម៉ឺនគីឡូម៉ែត្រ លាតសន្ធឹងនៅលើភាគខាងជើង ប្រទេសចិន និងតំបន់ស្វយ័តម៉ុងហ្គោល ត្រូវបានគេចាត់ទុកជា សំណង់អច្ឆរិយៈដ៏វែងបំផុត របស់មនុស្សជាតិ ហើយអាចឈររឹងមាំ បានរាប់ពាន់ឆ្នាំ និងបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៧។

១. មហាកំពែង វែងបំផុតលើលោក

មហាកំពែងចិន លាតសន្ធឹងឆ្លងកាត់ចំនួន ៩ ខេត្ត តំបន់ស្វយ័ត និងតំបន់រដ្ឋបាលក្រុង នៅភាគខាងជើងប្រទេសចិន មានប្រវែងសរុប ២១ ១៩៦ គីឡូម៉ែត្រ មានកម្ពស់ប្រមាណ ៧ ម៉ែត្រ និងទទឹងចន្លោះ ៥-៦ ម៉ែត្រ។ មហាកំពែងនេះ មានឆ្លងកាត់តាម ខេត្តហឺប៉ី ក្រុងប៉េកាំង ធានជីង សានស៊ី តំបន់ស្វយ័តម៉ុងហ្គោល ហីឡុងជាំង ជីលីន លាវនីង សានទុន ហឺណាន ធានជីង នីងស៊ា និងស៊ីនជាំង ហើយឆ្លងកាត់វែងបំផុត នៅក្នុងខេត្តហឺប៉ី (ជាង ២ ពាន់គីឡូម៉ែត្រ) និងខេត្ត សានស៊ី (ប្រវែង ១ ៨៣៨ គីឡូម៉ែត្រ)។

២. ប្រើពេលកសាងជាង ១ ពាន់ឆ្នាំ

មហាកំពែង ត្រូវបានកសាងឡើង ៤ ដំណាក់កាលឬ ៤ ជំនាន់ធំៗ មានរយៈពេលកសាងជាង ១ ពាន់ឆ្នាំ។ ប៉ុន្តែសូមបញ្ជាក់ថា មហាកំពែង មិនមែនជាសំណង់ទោល នោះទេ វាជាបណ្ដុំមហាកំពែងប្រវែងវែង និងមានកំពែងខ្លះស្ថិតនៅដាច់ដោយឡែក ពោលមហាកំពែង ត្រូវបានកសាងតាម រជ្ជកាលនីមួយៗ មានប្រវែងវែង តាមដែលអាចធ្វើបាន និងមានគោលបំណង កសាងដូចគ្នា និងស្រដៀងគ្នា។ ដំណាក់កាល ដែលរាជវង្សចិន កសាងកំពែងមានដូចជា៖

១. រាជវង្សឈិន ឆ្នាំ ២០៨ មុនគ្រិស្តសករាជ ជាអ្នកផ្ដើមកសាងសំណង់មហាកំពែង បានគៀគរកម្លាំងពលកម្មមនុស្សប្រហែល ១ លាននាក់។

២. អំឡុងរាជវង្សហាន សតវត្សទី១ នៃគ្រិស្ដសករាជ ជារជ្ជកាលសាងសង់កំពែង បានវែងបំផុតប្រវែង ៨ ៨៥០ គីឡូម៉ែត្រ និងជារាជវង្សចាប់ផ្ដើមផ្លូវសូត្រពាណិជ្ជកម្ម និងសាងសង់កំពែងការពារ ជិតពាក់កណ្ដាល ផ្លូវសូត្របុរាណនោះ។

៣. រាជវង្សវៃខាងជើង (Northern Wei Dynasty) សតវត្សទី៧ កសាងកំពែងបានប្រវែងជិត ២ ពាន់គីឡូម៉ែត្រ ដែលមាននៅក្នុងខេត្តហឺប៉ី និងតំបន់ស្វយ័តម៉ុងហ្គោល។

៤. រាជវង្សមិង គ្រិស្ដសករាជ ១៣៦៨-១៦៤៤៖ ភាគច្រើនមហាកំពែង ដែលយើងបានឃើញសព្វថ្ងៃ ត្រូវបានកសាងក្នុងរជ្ជកាលមិងនេះ ជារជ្ជកាលនៃការប្រើប្រាស់ ថ្មគុណភាពខ្ពស់ដូចជា ថ្មឥដ្ឋ ថ្មកំបោរ និងថ្មក្រានីត ស្មើនឹងប្រហែល ២០% នៃសំណង់មហាកំពែងទាំងមូល ដែលនៅឈររឹងមាំមកដល់បច្ចុប្បន្ន។

៣. តើយើងអាចទៅទស្សនាមហាកំពែងចិន ដោយរបៀបណា?

មហាកំពែងមានប្រវែងវែងខ្លាំងណាស់ ដូចនេះ មានច្រកចូលជាច្រើនដែលយើង អាចទៅបាន ប៉ុន្តែសម្រាប់មហាកំពែង ដែលនៅរឹងមាំល្អ ទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើន និងងាយស្រួលជាងគេ គឺនៅតំបន់ក្រុងប៉េកាំង ជារាជធានីចុងក្រោយរបស់មហាមិង នៅតំបន់នោះ មានច្រកដូចជា Juyong, Daoma និង Zijing ដែលច្រកទាំង ៣ នេះស្ថិតនៅជិតបំផុត ចំណែកច្រកដែលនៅឆ្ងាយ ភាគខាងលិចមានដូចជា Yanmen, Ningwu, និង Piantou។ សំបុត្រសម្រាប់ចូលទស្សនាមហាកំពែងចិន មានចាប់ពី ៣ ទៅ ១០ ដុល្លារអាមេរិក អាស្រ័យទៅតាមទីតាំង ប្រភេទភ្ញៀវទេសចរ និងរដូវកាលផងដែរ។

 

ប្រភព៖ Registration China