Øresund Bridge ជាស្ពានវែងបំផុតទី៥ នៅអឺរ៉ុប អមដោយផ្លូវក្រោមសមុទ្រយ៉ាងទំនើប


ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបមួយ ស្ថិតនៅឈូងសមុទ្រ Baltic រួមមាន ស្ពានឆ្លងសមុទ្រ ផ្លូវក្រោមសមុទ្រ និងសាងសង់កោះសិប្បនិមិត្តមួយទៀត គឺជាហេដ្ឋារចនាសម្ព័ន្ធ តែមួយគត់ ដែលតភ្ជាប់រវាងប្រទេសស៊ុយអែត និងប្រទេសដេណឺម៉ាក ហើយអនុញ្ញាតិអោយយានយន្ដ ម៉ូតូ និងរថភ្លើង អាចធ្វើចរាចរណ៍ទៅមក ប្រទេសទាំង ២ នេះបាន។

ប្រទេសស៊ុយអែត និងដេណឺម៉ាក គ្មានព្រំដែនគោកជាប់គ្នាសោះ ប៉ុន្តែគេអាចធ្វើដំណើរទៅមក ដោយជិះម៉ូតូ រថយន្ដ និងរថភ្លើងបាន ចំណាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ នេះក៏ត្រូវអរគុណដល់ ហេដ្ឋារចនាសម្ព័ន្ធមួយ ដែលរដ្ឋាភិបាលប្រទេសទាំង ២ បានសាងសង់ឡើង មានប្រវែង ១៥,៧ គីឡូម៉ែត្រ រួមមាន ការសាងសង់ស្ពាន Øresund Bridge កោះសិប្បនិមិត្ត Peberholm និងផ្លូវក្រោមសមុទ្រយ៉ាងទំនើប តភ្ជាប់រវាងទីក្រុង Copenhagen និងទីក្រុង Malmö សម្រួលការធ្វើដំណើរ ផ្សារភ្ជាប់វប្បធម៌ និងដោះដូរទំនិញជាដើម។

ហេដ្ឋារចនាសម្ព័ន្ធមួយនេះ រួមមាន៖

•    ស្ពាន Øresund Bridge ជាស្ពានវែងបំផុតទី៥ នៅអឺរ៉ុប មានប្រវែងសរុប ៧ ៨៤៥ ម៉ែត្រ ស្ពានមានកម្ពស់ ២ ជាន់ ដោយជាន់ខាងក្រោមសម្រាប់ផ្លូវរថភ្លើង និងជាន់ខាងលើ សម្រាប់យានយន្ដគ្រប់ប្រភេទ។

•    កោះសិប្បនិមិត្ត Peberholm ត្រូវបានសាងសង់ឡើងជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសទាំង ២ និងបម្រើជាទីតាំងសម្រាប់រៀបចំកម្មវិធីវប្បធម៌ ផងដែរ។

•    ផ្លូវក្រោមសមុទ្រ ប្រវែង ៤ គីឡូម៉ែត្រ ធ្លាប់ជាផ្លូវក្រោមទឹកវែងបំផុតលើលោក ពេលសាងសង់រួច

ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានបើកដំណើរការចាប់ពីឆ្នាំ ២០០០ ចំណាយថវិកាសាងសង់ ប្រមាណ ៣,៤៤ ពាន់លានអឺរ៉ូ ជាថវិកាជាតិរបស់រដ្ឋាភិបាលស៊ុយអែត និងដេណឺម៉ាក ហើយយើងអាចឆ្លងកាត់ ផ្លូវមួយខ្សែនេះ ដោយចំណាយ ២៦ អឺរ៉ូសម្រាប់ម៉ូតូ ១គ្រឿង, ៥២ អឺរ៉ូ សម្រាប់រថយន្ដគ្រួសារ, និង ១៨៣ អឺរ៉ូ សម្រាប់រថយន្ដដឹកអ្នកដំណើរ ដោយរាល់ចំណូលបាន ពីការឆ្លងកាត់ស្ពាននេះ នឹងត្រូវសន្សំទុកសម្រាប់ដំហែទាំស្ពាន និងផ្លូវក្រោមសមុទ្រ ដែលអាចនឹងត្រូវជួសជុលថែទាំ នៅឆ្នាំ ២០៣៧។

ហេដ្ឋារចនាសម្ព័ន្ធមួយខ្សែនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងតភ្ជាប់ទីក្រុង នៃប្រទេសទាំង ២ ជាពិសេសការធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Copenhagen Airport។ លើសពីនេះ កោះសិប្បនិមិត្ត Peberholm មានទីធ្លារសម្រាប់រៀបចំ កម្មវិធីវប្បធម៌ Pop ផ្ដាស់ប្ដូរវប្បធម៌ប្រជាជននិងប្រជាជន ដូចជា Eurovision Song Contest និងភាពយន្ដ The Bridge ដែលបានថតនៅទីតាំងនោះ។

 

ប្រភព៖ Nordics Info