រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងសិក្សាដំណោះស្រាយ ជំនន់ទឹកភ្លៀង ក្នុងខណ្ឌច្បារអំពៅ


ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ កំពុងសិក្សាទីតាំងចំនួន ៤ សំខាន់នៅក្នុងខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយបញ្ហា លិចលង់ដោយសារជំនន់ទឹកភ្លៀង ក្នុងរដូវវស្សានេះ ខណៈដែលតំបន់មួយចំនួន កំពុងប្រឈមនូវការជន់លិច ជំនន់ទឹកភ្លៀង ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តំបន់ដែលរដ្ឋបាលរាជធានី កំពុងសិក្សារំដោះទឹកជំនន់នោះរួមមាន ព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ហើយក្រោយពីបញ្ចប់ការសិក្សា ក្រុមការងារនឹងស្ថាបនាលូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកភ្លៀងនៅ តំបន់ជន់លិចដោយសារជំនន់ទឹកភ្លៀងទាំងអស់នោះ ក្នុងខណ្ឌច្បារអំពៅ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ ក្នុងខណ្ឌច្បារអំពៅនេះ ត្រូវមានវិធានការណ៍ដូចជា៖ សម្រាប់វិធានការណ៍បន្ទាន់ គឺជីកប្រឡាយស្របផ្លូវ ៣០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុលបន្ដទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១.៧២៦ ម៉ែត្រ។ ជីកប្រឡាយព្រែកប្រា អោយបានទទឹង ២០ ម៉ែត្រ ប្រវែង ៩៦៥ ម៉ែត្រ និងដោះស្រាយសំណង់ មិនរៀបរយមួយចំនួន នៅលើព្រែកប្រាផងដែរ ទើបអាចរំដោះទឹកជំនន់ បានទាន់ពេលវេលា នៅរដូវវស្សា។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា ការងាររំដោះជំនន់ទឹកភ្លៀង នៅខណ្ឌច្បារអំពៅ ស្ថិតនៅក្នុងប្លង់គោលមេ ដែលទីភ្នាកងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសិក្សាសម្រាប់ អនុវត្តដល់ឆ្នាំ២០៣៥ រួចមកហើយ យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការសិក្សានូវ ទំហំលិចជាក់ស្ដែង ទើបអាចដោះស្រាយ ទៅតាមស្ថានភាពជាក់ស្ដែង និងចាត់គម្រោងអាទិភាពជាដើម។