ស្វែងយល់ពីប្រាសាទមួយចំនួន នៃព្រះបរមរាជវាំង សម្រាប់ការចូលទស្សនា


នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ព្រះបរមរាជវាំង នឹងបើកទ្វារទទួល ស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញ ក្រោយពីការផ្អាកជាង ២ ឆ្នាំកន្លងមក អំឡុងពេលនេះ មានភ្ញៀវទេសចរជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទស្សនា និងស្វែងយល់អំពី ព្រះបរមរាជវាំង ប៉ុន្តែយើងគម្បីដឹងព័ត៌មានត្រួសៗ អំពីព្រះបរមរាជវាំងផងដែរ ដើម្បីអោយការចូលទស្សនា ទទួលបាននូវបទពិសោធន៍ នៃចំណេះដឹង។

ប្រវត្តិសង្ខេបនៃព្រះបរមរាជវាំង

ព្រះបរមរាជវាំង មានឈ្មោះពេញ «ព្រះបរមរាជវាំងចតុមុខមង្គល» ដែលត្រូវបានតាំងរាជធានីចំនួន ២ លើកមកហើយ ផ្ដើមដំបូង ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត នាសម័យចតុមុខ ក្រោយការលើករាជធានីពីអង្គរ នៅឆ្នាំ១៤៣១ និងការតាំងរាជធានីលើកទី២ ក្នុងរជ្ជកាល ព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ពីរាជធានីឧត្តុង្គ មកកាន់ភ្នំពេញ រហូតមកទល់សព្វថ្ងៃ។ សំណង់នៃព្រះបរមរាជវាំង ចតុមុខមង្គល ដែលយើងបានឃើញសព្វថ្ងៃ ត្រូវបានផ្ដើមសាងសង់ពី រជ្ជកាលព្រះបាទនរោត្តម និងក្សត្រក្រោយៗទៀត ក្រោមរចនាបថបាយ័ន ត្រូវបានគូសប្លង់ដោយ ស្ថាបត្យករ ឧកញ៉ា ទេពនិម្មិត ម៉ក់ មានក្បូរក្បាច់រចនាកំពូលស្រួច តំណាងភាពរីកចម្រើន និងត្រូវលាបលំអរ ដោយពណ៌លឿង តំណាងព្រះពុទ្ធសាសនា និងពណ៌ស តំណាងព្រហ្មញ្ញសាសនា។

នៅក្នុងព្រះបរមរាជវាំង យើងនឹងបានឃើញ ប្រាសាទសំខាន់ៗមួយចំនួន មានដូចជា៖

១. ប្រាសាទច័ន្ទឆាយា

យើងនិយមហៅថា ព្រះទីនាំងច័ន្ទឆាយា ជាប្រាសាទដែលយើង អាចឃើញពីខាងក្រៅ ជាប់នឹងកំពែងខាងមុខ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩១៣ រជ្ជកាលព្រះបាទស៊ីសុវត្ថិ ជាទីធ្លាសម្រាប់រាំក្បាច់របាំ ការសម្ដែងទស្សនីយភាព និងព្រះរាជពិធីលៀងសាយភោជន៍ ជូនភ្ញៀវជាតិ និងអន្តរជាតិជាន់ខ្ពស់។ ប្រាសាទនេះ ក៏ត្រូវបានប្រើប្រាស់ សម្រាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងថ្លែងសុន្ទរកថា ទៅកាន់ប្រជារាស្ត្រក្នុងពិធី បុណ្យសំខាន់ៗផងដែរ ជាពិសេសបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ដែលនឹងរៀបចំក្នុងរយៈពេល ៥ ឆ្នាំម្ដង។

២. ប្រាសាទទេវាវិនិច្ឆ័យ

ជាប្រាសាទធំស្ថិតនៅ កណ្ដាលព្រះបរមរាជវាំង យើងនឹងបានឃើញដំបូងគេបង្អស់ នៅពេលចូលដល់ខាងក្នុង ព្រះបរមរាជវាំង ប្រាសាទនេះមានទំហំបណ្ដោយ ៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និងកម្ពស់ ៥៩ ម៉ែត្រ។ ប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានប្រើប្រាស់សម្រាប់៖
• ព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
• ព្រះរាជពិធីបុណ្យទ្វារទសមាស
• ព្រះរាជសាវនាការថ្វាយសារតាំង
• ពិធីសច្ចាប្រណិធាន
• ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ និងអន្តរជាតិ ជាន់ខ្ពស់។

៣. ព្រះមហាប្រាសាទខេមរិន្ទ

ព្រះមហាប្រាសាទខេមរិន្ទ ជាព្រះរាជដំណាក់ដែល ព្រះមហាក្សត្រគង់នៅ ជាអចិន្ត្រៃយ៍ មិនត្រូវបានបើកចូល ទស្សនាជាសាធារណៈនោះទេ ប៉ុន្តែត្រូវបានព្រះមហាក្សត្រ ប្រើប្រាស់សម្រាប់ទទួលភ្ញៀវកិត្តិយស បណ្ដាប្រមុខរដ្ឋបរទេស ដែលធ្វើទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា អាចស្នាក់អាស្រ័យប៉ុណ្ណោះ។

៤. ប្រាសាទហោសំរាន្ដភិរម្យ

ជាទីតាំងសម្រាប់ទុក ឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដា សម្រាប់ព្រះរាជពិធីហែក្បួនផ្សេងៗ។ ប្រាសាទនេះ ត្រូវបានក្លាយទៅជា សារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុក វត្ថុអនុស្សវរីយ៍ ដ៏មានតម្លៃដែលមហាអគ្គបុរសរដ្ឋ នៃបណ្ដាប្រទេសជា មិត្តថ្វាយដល់ព្រះមហាក្សត្រ។ តាំងពីឆ្នាំ២០០៤ មកប្រាសាទនេះ ត្រូវបានរើទៅដាកនៅថែវខាងមុខ ប្រាសាទភោជនីយវិញ រហូតដល់សព្វថ្ងៃ។

៥. ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន

ប្រាសាទនេះ ប្រើប្រាស់សម្រាប់ជា កន្លែងតម្កល់នូវ គ្រឿងបញ្ចកកុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ -ល-។ នៅហោព្រះខ័ននេះ ត្រូវបានក្រុមបារគូ រៀបចំអាសនៈ ថ្វាយទេវតា ខាងព្រហ្មញ្ញសាសនា មានព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និងព្រះកម្ចាយ។

៦. ព្រះទីន័ងភោជនីយ

ប្រាសាទនេះ ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើន ព្រះជន្មព្រះមហាក្សត្រ និងសម្រាប់ការសម្ដែងសិល្បៈ ឬផ្ទាំងទស្សនីយភាព ភាពយន្ដ ជូនដល់ភ្ញៀវកិត្តិយស ជាន់ខ្ពស់របស់ព្រះមហាក្សត្រ ហើយចំពោះពិធីចម្រើន ព្រះជន្មព្រះមហាក្សត្រ ត្រូវប្រព្រឹត្តិទៅរយៈពេល ៥ ថ្ងៃ។

៧. ព្រះវិហារព្រះកែវមរកត

ព្រះវិហារព្រះកែវមរកត មានកម្កល់ព្រះពុទ្ធបដិមា ១ អង្គ ធ្វើអំពីត្បូងកែវក៏មានតម្លៃ មានពណ៌ដូចមរកត ខណៈដែលព្រះកែវមរកតពិត និងព្រះគោ ត្រូវបានសៀមប្រមូលយកទៅ ពេលវាយបានក្រុងអង្គរនៅឆ្នាំ ១៤២០។ នៅក្នុងព្រះវិហារនេះ បានក្រាលការ៉ូធ្វើពីប្រាក់សុទ្ធ ដែលមានទម្ងន់ ១,១ គីឡូក្រាមក្នុងមួយសន្លឹក និងមានចំនួនការ៉ូសរុប ៥ ៣២៩ សន្លឹកការ៉ូប្រាក់។

៨. សារមន្ទីររោងដំរី

ស្ថិតនៅខាងត្បូងព្រះវិហារ ព្រះកែវមរកត ជាទីកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជពិធីបុណ្យផ្សេងៗ។ រោងដំរីនេះ ត្រូវបានជួសជុលឡើងវិញ ជាសារមន្ទីររោងដំរី ដែលមានសាលពិព័រណ៌ រូបថត ផ្ទះបុរាណខ្មែរ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំង និងលក់វត្ថុអនុស្សាវរីយ៍ -ល-។

៩. វិមានស្ដេចណាប៉ូឡេអុងទី៣

វិមាននេះ ត្រូវបានកសាងឡើងដោយដែក មានលំអដោយរូបនាឡិកា ១ ដ៏ធំសម្រាប់រាជនី ជាព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាម ព្រះអធិរាជនី អីហ្ស៊េនី នៅពេលសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ១៨៦៩ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣ បានថ្វាយជាអនុស្សាវរីយ៍ដល់ ព្រះបាទនរោត្តម ក្នុងឆ្នាំ ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង។