កោះកុងក្រៅ ជាកោះខ្ពស់ជាងគេ និងសម្បូរទៅដោយ ធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះក្នុងបាតសមុទ្រ


កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃ ផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះសម្បូរដោយ សក្តានុពលផ្នែក ធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រ ដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។

កោះកុងក្រៅ ជាកោះដែលសម្បូរ ទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។ កោះនេះព័ទ្ធទៅដោយ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ សោភណភាពនៅល កោះ ពោពេញទៅដោយ កន្លែងទេសចរណ៍ រួមមាន ចម្ការដូងធំវែង គ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី ០១ មានប្រវែងដល់ទៅ ១ ៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២ ០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។ អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះ ពុំទាន់មានការអភិវឌ្ឍ អ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាត បែបធម្មជាតិសុទ្ធ ទាំងអស់តែម្តង។

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង នឹងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។ នៅលើកោះមាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ គួរឲ្យដឹងផងដែរថា សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹក ផ្នែកលំហរសមុទ្រ៕