ប្រាក់ចំណូល ដែលទទួលបានពីភ្ញៀវបរទេស មកទស្សនាប្រាសាទអង្គរវត្ដ ទទួលបានជាង ១១លានដុល្លារ ក្នុងឆ្នាំ ២០២២


យោងតាមការចុះផ្សាយពី សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ ពោលគឺចាប់ពីខែ១ រហូតដល់ ១២ខែ នៃឆ្នាំ២០២២ កន្លងទៅនេះ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១១លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ។ បើយោងតាមគ្រឹះស្ថានអង្គរ បានគូសបញ្ជាក់ដែរថា ប្រាក់ចំណូលក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានការកើនឡើង២០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១។

ការកើនឡើងនេះ ក៏ដោយសារតែវិបត្តិកូវីដ-១៩ នៅប្រទេសកម្ពុជា បានធូរស្បើយច្រើន ដែលជាហេតុនាំឲ្យ ដំណើរកម្សាន្តភ្ញៀវទេសចរ ក៏មានការកើនឡើងវិញផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ពេញមួយឆ្នាំ ២០២២ មកនេះ រមណីយដ្ឋានអង្គរទទួលបាន ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ទៅចំនួន ២៨៧ ៤៥៤នាក់ ដែលជាការកើនឡើង ២១៣៣ភាគរយឯណោះ បើធៀបនឹងឆ្នាំ២០២១។

តាមរយៈកំណើនទេសចរនេះ បានផ្ដល់ចំណូលចំនួន ១១ ៥២៨ ១៥៨ដុល្លារ ដែលស្មើនឹងការកើនឡើង ២០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ដែរថា សម្រាប់ចំណូល ដែលទទួលបានខាងលើនេះ គ្រឹះស្ថានអង្គរ ក៏បានបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផា សរុបចំនួន ៥៧៤ ៩០៨ដុល្លារផងដែរ។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏ទទួលបានចំណូលពី ការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ចំនួន ៩០ ៤៥០ដុល្លារផងដែរ។ ដោយឡែក ចំណូលពីការ លក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងឆ្នាំ២០២២វិញ មានចំនួន ១៦៥ ៣០៨ដុល្លារ។ បន្ថែមពីនេះ ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើឡើងបន្ថែមទៀត រដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩។

ជាក់ស្ដែង ក្នុងពិធីបើក មហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក នាខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ធ្នូនេះ សម្ដេច ហ៊ុន សែន រំពឹងថាកម្ពុជា អាចទទួលបានទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣៕