គោលដៅទេសចរណ៍នៅអាស៊ីចំនួន ៥ ដែលគ្មានការរឹតបន្តឹង ការធ្វើដំណើរក្នុងឆ្នាំ ២០២៣ នេះ


បើទោះបីជាប្រទេសជាង 150 ជុំវិញពិភពលោក បានសម្រេចលុបចោល រាល់តម្រូវការរឹតបន្ដឹងផ្សេងៗ ដែលទាក់ទងនឹង ការទប់ស្កាត់ជំងឺរាតត្បាត Covid សម្រាប់អ្នកធ្វើដំណើរក៏ដោយ ក៏នៅតែមានប្រទេស ក្នុងតំបន់អាស៊ីមួយចំនួន មិនទាន់បើកប្រទេសពេញលេញ ឬលុបចោលវិធានការណ៍ រឹតត្បាតទាំងស្រុងនោះដែរ។ តែយ៉ាងណាមិញ បើយោងតាមប្រភពពី traveloffpath បានឲ្យដឹងថា ក្នុងចំណោមនោះ មានទិសដៅអាស៊ីដ៏ ពេញនិយមចំនួន 5 ដែលត្រូវបានបើក យ៉ាងពេញលេញ សម្រាប់ការធ្វើដំណើរ ដោយគ្មានការរឹតបន្តឹង និងការធ្វើតេស្តនៅឆ្នាំ 2023 នេះ រួមមានដូចជា៖

1. ប្រទេសកម្ពុជា

កម្ពុជាជាប្រទេសអាស៊ីអាគ្នេយ៍មួយ ដែលបានលុបចោល រាល់លក្ខខណ្ឌ ដែលតម្រូវចូលពីអ្នកដំណើរ ឬភ្ញៀវទេសចរ ទាក់ទងនឹងជំងឺរាតត្បាត Covid ដោយក្នុងនោះ រួមទាំងការវ៉ាក់សាំង និងការធ្វើតេស្តផងដែរ។ ប្រទេសដ៏ស្រស់ស្អាត ដែលត្រូវបានគេ ស្គាល់តាមរយៈ ប្រាសាទអង្គរវត្តដ៏អស្ចារ្យ នឹងទទួលស្វាគមន៍ ដល់អ្នកធ្វើដំណើរទាំងអស់ ដែលបានទទួលបាន ការចាក់ថ្នាំបង្ការ ដោយមិនចាំបាច់ បង្ហាញការធ្វើតេស្ត Covid អវិជ្ជមាននោះទេ។

2. ប្រទេសថៃ

ប្រទេសថៃ ក៏ជាប្រទេសមួយ ដែលមិនតម្រូវឲ្យមាន ការចាក់វ៉ាក់សាំង ឬតម្រូវការធ្វើតេស្តណាមួយ នៅពេលធ្វើដំណើរមកដល់ផងដែរ ហើយប្រទេសនេះ មិនមានតម្រូវការ ឲ្យពាក់ម៉ាស់ផងដែរ លើកលែងតែ ការដឹកជញ្ជូនសាធារណៈ ប៉ុណ្ណោះ។ គោលដៅដ៏ពេញនិយម នៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេស្គាល់តាមរយៈ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត កន្លែងទិញទំនិញដ៏សំបូរបែប និងអាហារឆ្ងាញ់ៗជាច្រើនប្រភេទ។

3. ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី ក៏ត្រូវបានគេស្គាល់ តាមរយៈឆ្នេរសមុទ្រស្រស់ស្អាត ព្រៃទឹកភ្លៀងដ៏គួរឱ្យភ្ញាក់ផ្អើល និងជារដ្ឋធានីដ៏រស់រវើក នៃទីក្រុងគូឡាឡាំពួ របស់ប្រទេសនេះផងដែរ។ អ្វីដែលពិសេស គឺវិស័យទេសចររបស់ប្រទេសនេះ ក៏បានវិលត្រលប់មក សភាពដើមវិញទាំងស្រុងផងដែរ។ ជាក់ស្ដែង ប្រជាជនម៉ាឡេស៊ី លែងមានតម្រូវការចាក់វ៉ាក់សាំង ឬការធ្វើតេស្ត សម្រាប់អ្នកដំណើរទៀតហើយ។ ប្រទេសម៉ាឡេស៊ី ក៏បានទម្លាក់ចោល នូវវិធានការណ៍ពាក់ម៉ាស់ ក្នុងផ្ទះរបស់ខ្លួន កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុនផងដែរ។

4. កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង បានបើកប្រទេសទាំងស្រុង ឡើងវិញ បន្ទាប់ពីបិទជាងជិត 3 ឆ្នាំ កន្លងមក។ គិតមកដល់ពេលនេះ វាអស់រយៈពេល ជាច្រើនខែហើយ អ្នកធ្វើដំណើរត្រូវបានស្វាគមន៍ មកក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនមានតម្រូវការ ធ្វើតេស្តណាមួយឡើយ។ ខណៈដែលបម្រាម ក្នុងការពាក់ម៉ាស់ ក៏ត្រូវបានលើកលែង ស្ទើរតែទាំងស្រុង។

5. ប្រទេសវៀតណាម

វៀតណាមជាប្រទេសមួយទៀត នៅអាស៊ី ដែលបានចោលរាល់ លក្ខខណ្ឌរឹតបន្ដឹង ចូលប្រទេសទាំងអស់ ហើយលំហូរនៃភ្ញៀវទេសចរ របស់ប្រទេសនេះ ក៏កំពុងវិលមករក ភាពប្រក្រតីឡើងវិញផងដែរ។លើសពីនេះ អ្នកធ្វើដំណើរក៏មិនចាំបាច់ បង្ហាញបណ្ណនៃការចាក់ថ្នាំបង្ការ ឬការធ្វើតេស្តអវិជ្ជមាន ដើម្បីចូលប្រទេសនេះទៀតផងដែរ។ ប្រទេសវៀតណាម ត្រូវបានល្បីល្បាញ ដោយសារ ទេសភាពចម្រុះដូចជាតំបន់ Ha Long Bay ដែលជាឆ្នេរដ៏ស្រស់ស្អាត ទីក្រុងប្រវត្តិសាស្ត្រ និងមានអាហារឆ្ងាញ់ៗ ជាដើម។