ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់វៀតណាម ឈានដល់តម្លៃជាង ១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២


យោងតាមរបាយការណ៍ ពីការិយាល័យពាណិជ្ជកម្ម វៀតណាមប្រចាំកម្ពុជា បានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចូល គ្រាប់ស្វាយចន្ទីឆៅ ពីកម្ពុជា រហូតឈានដល់តម្លៃជាង ១ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំពេញនៃ២០២២ កន្លងទៅនេះ។ តាមការិយាល័យដដែលនេះ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ 2022 កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីឆៅ ក្នុងចំនួនប្រមាណជា 670,000 តោន ដែលមានតម្លៃសរុបជាក់ស្ដែងចំនួន 1.07 ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស។ ដោយក្នុងនោះមាន 98.5% ទៅហើយ ជាការនាំចេញទីផ្សារប្រទេសវៀតណាម។

ដូចគ្នានេះដែរ ខាងសមាគមស្វាយចន្ទីវៀតណាម បាននិយាយថា វៀតណាមបាននាំចូល គ្រាប់ស្វាយចន្ទីឆៅសរុបចំនួន 1.9 លានតោន កាលពីឆ្នាំ 2022។ ខណៈការនាំចូលពី ប្រទេសមួយចំនួនផ្សេងទៀត គិតរួមទាំងកម្ពុជា វៀតណាមបានចំណាយអស់សរុប 2.66 ពាន់លានដុល្លារ លើការនាំចូលគ្រាប់ស្វាយចន្ទីនេះ។ គ្រាប់ស្វាយចន្ទី ដែលប្រទេសវៀតណាមនាំចូល ភាគច្រើនជាគ្រាប់ឆៅ ដើម្បីយកមកកែច្នៃ ហើយនាំចេញទៅក្រៅប្រទេសវិញ។ ជាក់ស្ដែង វៀតណាមបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរួច បានចំនួន 514,699 តោន ដែលមានតម្លៃស្មើនឹង 3.05 ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ តែយ៉ាងណាមិញ វាជាការធ្លាក់ចុះ 12.6% ជាបរិមាណ និង 16% ជាតម្លៃធៀបនឹងឆ្នាំ 2021។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម មានតំបន់ដាំដុះស្វាយចន្ទីប្រហែល 300,000 ហិកតា ដែលអាចផ្ដល់ទិន្នផលគ្រាប់ឆៅ ដើម្បីបំពេញតម្រូវការ របស់អ្នកកែច្នៃ បានត្រឹមប្រហែល 30% ប៉ុណ្ណោះ។ ស្របពេលដែល តំបន់ដាំស្វាយចន្ទី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានធ្លាក់ចុះផងដែរ ដោយសារវត្ថុធាតុដើម មានការបាត់បង់ និងកសិករជាច្រើន ជ្រើសរើសដំណាំផ្សេងជំនួសវិញ ដែលមានប្រសិទ្ធភាព សេដ្ឋកិច្ចប្រសើរជាងមុន។ ដូច្នេះហើយ នាពេលថ្មីៗនេះ សមាគមស្វាយចន្ទីវៀតណាម ក៏បានស្នើឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វាយតម្លៃអំពីស្ថេរភាព និងផែនការរយៈពេលវែង នៃតំបន់ដាំដុះស្វាយចន្ទីបន្ថែមទៀត និងបានស្នើអភិវឌ្ឍតំបន់ដាំដុះ ស្វាយចន្ទីនៅកម្ពុជា និងឡាវភាគខាងត្បូង ផងដែរ។