ប្រាសាទតុបខាងកើត ជាប្រាសាទតូចច្រលឹងដ៏ស្រស់ស្អាត ឆ្លុះជាមួយធម្មជាតិ សាងសង់ឡើងនៅចុងសតវត្សរ៍ទី១៣ ក្នុងបរិវេណក្រុងអង្គរធំ


ខេត្តសៀមរាប៖ ប្រាសាទតុបខាងកើត ជាប្រាសាទតូចច្រលឹងមួយ សាងសង់ដោយថ្មភក់ នៅចុងសតវត្សរ៍ទី១៣ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៨ ដែលមានពាក្យដំណាលថា សាងសង់ឡើងដើម្បីឧទ្ទិស ដល់ព្រាហ្មណ៍ម្នាក់ឈ្មោះ ជយមង្គលាថ៌ ដែលជាកូនប្រុសនៃព្រះរាជគ្រូម្នាក់នៃ ព្រះបាទជ័យវរ្ម័នទី៧ (បរមសៅគតបទ)

ប្រាសាទនេះ មានទ្វារចូលពីទិសខាងកើត និងទ្វារបញ្ឆោតចំនួន ៣ទិស ដោយមានជណ្ដើរឡើងគ្រប់ ៤ទិស។

សម្រាប់ទីតាំងវិញ ប្រាសាទតុបខាងកើត មានចម្ងាយប្រហែល ១២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា រួចបត់ស្តាំតាមផ្លូវលេខ៦០ បន្ទាប់មកបត់ស្តាំតាម ផ្លូវហ្សាដឺហ្គោល ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ ដោយឆ្លងកាត់ខ្លោងទ្វារខាងត្បូង នៃប្រាសាទអង្គរធំ ប្រហែល ២គីឡូម៉ែត្រ ហើយបត់ស្តាំ ៨៥០ម៉ែត្រ រួចបត់ស្តាំ ២០០ម៉ែត្រ យើងនឹងទៅដល់ ប្រាសាទតុបខាងកើតហើយ។

ប្រាសាទនេះ ពុំជាមានអ្នកស្គាល់ ឬភ្ញៀវទេសចរទៅកម្សាន្តច្រើនឡើយ តែបើនិយាយពីទេសភាព និងរូបរាងនៃប្រាសាទនេះ មានភាពស្រស់ស្អាត ចាំងឆ្លុះ រំលេចជាមួយធម្មជាតិបៃតង ក្បូរក្បាច់ចម្លាក់ ក៏ធ្វើឡើងដោយភាពលេចធ្លោ និងផ្ចិតផ្ចង់ផងដែរ។ ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកអាន ដែលបានទៅដល់ខេត្តសៀមរាប អាចទៅកម្សាន្ត ទទួលយកបទពិសោធន៍ និងទស្សនាប្រាសាទមួយនេះ ដោយផ្ទាល់ និងអាចផ្តិតយកទិដ្ឋភាព នៅជុំវិញនោះបាន។