ទីក្រុងចិនទាំង ១០ ដែលមានល្បឿន Download លឿនជាងគេបំផុតមុនពេល 5G ចូលខ្លួននៅឆ្នាំ ២០២០ ខាងមុខ

សេវាអ៊ិនធឺណិត 5G នឹងចូលមកកាន់ទីផ្សារ ទូលំទូលាយ នាឆ្នាំ ២០២០ ខាងមុខ ខណៈក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើន ចាប់ផ្ដើមបញ្ចេញស្មាតហ្វូន ដែលអាចប្រើប្រាស់ជាមួយសេវា 5G បណ្ដើៗហើយ តែនៅមិនទាន់សំបូរបែបនៅឡើយ។ បើទោះបីជា សេវា 5G នៅមិនទាន់ បើកឲ្យប្រើប្រាស់ទូលំទូលាយក៏ពិតមែន តែសេវា 4G ក៏មិនយឺតប៉ុន្មានដែរ ព្រោះថានៅទីក្រុងធំៗមួយចំនួននៅឯបរទេស សេវាអ៊ិនធឺណិត គឺពិតជាមានល្បឿនលឿន ខុសដាច់ពីស្រុកខ្មែរ។ ជាក់ស្ដែងដូចនៅប្រទេសចិន ឯណោះ ដែលបច្ចុប្បន្ន 4G កំពុងតែជិតដល់ពេលលាលែងចេញពីដំណែង នៅតែបន្តមានល្បឿនទាញយក រហ័ស ដែលប្រិយមិត្តភាគច្រើនពុំបានដឹង។

យោងតាមប្រភពព័ត៌មានផ្លូវការនៃភ្នាក់ងារអភិវឌ្ឍន៍បណ្ដាញអ៊ិនធឺណិត Broadband Development Alliance បានប្រកាសបង្ហាញឲ្យឃើញអំពីល្បឿន ប្រើប្រាស់អ៊ិនធឺណិត លឿនជាងគេបំផុតនៃទីក្រុងសំខាន់ៗទាំង ១០ របស់ចិន។ តាមរយៈ របាយការណ៍នោះ ត្រូវបានសហការណ៍ និងបង្ហោះផ្សព្វផ្សាយអំពីព័ត៌មានចុងក្រោយ នូវទិន្នន័យនៃការប្រើប្រាស់សេវាអ៊ិនធឺណិត នៅទូទាំងផ្ទៃប្រទេសរបស់ចិន តាមរយៈក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចំនួន ៣ រួមមានដូចជា ១) China Mobile ២) China Telecom ៣) China Unicom ជាមួយល្បឿនលោតដល់ចន្លោះពី ៣៦,៣៥ Mb/s ទៅ ៣៩,១០ Mb/s តាមទីក្រុងទាំង ១០ ដូចខាងក្រោម៖

១. ទីក្រុង Chengdu ល្បឿន Download ដល់ ៣៦,៣៥ Mb/s

២. ទីក្រុង Zhengzhou ល្បឿន Download ដល់ ៣៦,៥៥ Mb/s

៣. ទីក្រុង Haikou ល្បឿន Download ដល់ ៣៦,៦៨ Mb/s

៤. ទីក្រុង Fuzhou ល្បឿន Download ដល់ ៣៦,៨៦ Mb/s

៥. ទីក្រុង Tianjin ល្បឿន Download ដល់ ៣៦,៩៥ Mb/s

៦. ទីក្រុង Wuhan ល្បឿន Download ដល់ ៣៧,១០ Mb/s

៧. ទីក្រុង Hangzhou ល្បឿន Download ដល់ ៣៧,១៨ Mb/s

៨. ទីក្រុង Nanjing ល្បឿន Download ដល់ ៣៧,៤១ Mb/s

៩. ទីក្រុង Beijing ល្បឿន Download ដល់ ៣៧,៦៣ Mb/s

១០. ទីក្រុង Shanghai ល្បឿន Download ដល់ ៣៩,១០ Mb/s

ល្បឿនអ៊ិនធឺណិត លឿនៗបែបនេះ មានល្បឿនខុសគ្នាបន្តិចបន្តួច ទៅតាមស្ថានភាពទីក្រុង ភាពមម៉ាញឹក ចំនួននៃអ្នកប្រើប្រាស់ ក៏ដូចជាកាលៈទេសៈ នៃអាកាសធាតុជាដើម។ លោក Zhu Wei អនុប្រធានមជ្ឈមណ្ឌលច្បាប់ ទំនាក់ទំនងសកល នៃវិទ្យាល័យ វិទ្យាសាស្ត្រនយោបាយ និងច្បាប់ចិន បានប្រាប់ឲ្យដឹងថា “ជាមួយនឹងប្រតិបត្តិការ នៃវិស័យទូរគមនាគមន៍ផ្សេងៗ សំណុំសេវាកម្ម និងទីតាំងល្បឿននៅទូទាំងផ្ទៃប្រទេស គឺខុសប្លែកគ្នា ហើយស្មាតហ្វូនដ៏ដើរតួផ្សេងៗគ្នាផងដែរ ដោយស្មាហ្វូនជំនាន់ថ្មី ប្រើប្រាស់ខួរក្បាលចុងក្រោយ មានសមត្ថភាពក្នុងការផ្ដល់នូវបទពិសោធន៍ប្រើប្រាស់ក្នុងល្បឿនលឿន ខណៈស្មាតហ្វូនស៊េរីទាប នៅតែបន្តទទួលបានល្បឿនធម្មតាដដែល”។ ខាងលើនេះ គ្រាន់តែជាល្បឿននៃសេវា​ 4G តែប៉ុណ្ណោះ ចុះទម្រាំ 5G ចាប់ផ្ដើមបើកឲ្យប្រើប្រាស់នៅទីក្រុងធំៗមួយចំនួនវិញ តើចិននឹងកាន់តែឈានទៅមុខដល់កម្រិតណា? ប្រិយមិត្តអាចដឹងច្បាស់អំពីចម្លើយមួយនេះ!

 

 

ប្រភពមកពីChina Daily