ក្រោយពីបានពន្យាពេលសាងសង់ និងពន្យាពេលបើកដំណើរការហោះហើរ ជាច្រើនលើកកន្លងមក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រៀមរៀបចំខ្លួន សម្ពោធប្រើប្រាស់ជាផ្លូវការនៅឆ្នាំក្រោយ និងមានការហោះហើរត្រង់ បែបពាណិជ្ជកម្ម (Commercial Flight) រវាង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-អាកាសយានដ្ឋានតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយការទទួលជើងហោះហើរ ក្នុងស្រុកជាមុនសិន។
លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា នេះគឺជាការបើកស្វាគមន៍ ទទួលជើងហោះហើររ វាងរាជធានីភ្នំពេញ ទៅកាន់តំបន់ឆ្នេរសមុទ្រ ខេត្តកោះកុង ជាលើកដំបូងបង្អស់ ដោយរំពឹងថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងរួមចំណែកជួយទាក់ទាញ ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្ម ក្នុងស្រុកគិរីសាគរ ស្រុកបទុមសាគរ ខេត្តកោះកុង និងប្រទេសកម្ពុជានិយាយជារួម បានមួយកម្រិតទៀត។
ដោយឡែក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល រំពឹងថានឹងមានការតភ្ជាប់ ជើងហោះហើរទៀងទាត់ ប្រចាំសប្ដាហ៍ រវាងរាជធានីភ្នំពេញ-តារាសាគរ រវាងព្រះសីហនុ-តារាសាគរ ចាប់ពីចុងខែធ្នូ ឆ្នាំ២០២៤ នេះតទៅ ខណៈដែលអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ មានសមត្ថភាពអាច ទទួលអ្នកដំណើរបានដល់ ៧ លាននាក់ ក្នុងមួយឆ្នាំ ក្នុងរយៈពេលមធ្យម ចន្លោះពីឆ្នាំ២០២៥-២០៣០ និងអាចឡើងដល់ ២០ លាននាក់ក្នុងរយៈពេលវែង ចន្លោះពីឆ្នាំ២០៣០ ទៅដល់ ២០៥០។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអាកាសយានដ្ឋាន ប្រតិបត្តិការជើងហោះហើរអន្តរជាតិតែ ៣ ប៉ុណ្ណោះគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Coastal Airport Investment Co., Ltd ចំណាយថវិកាប្រមាណ ២០០ លានដុល្លារ រំពឹងក្លាយទៅជា អាកាសយានដ្ឋានអន្តរជាតិថ្មី ទាក់ទាញទុនវិនិយោគបន្ថែម និងពង្រីកវិស័យទេសចរណ៍ នៅក្នុងខេត្តកោះកុង និងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ប្រភព៖ Xinhua