តួប៉ម នៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានបញ្ចប់ការជួសជុលដោយជោគជ័យ និងបានត្រឡប់ទៅរកភាពរឹងមាំ តាមរចនាបថដើមឡើងវិញ!


សៀមរាប៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា នៅថ្ងៃ ២៣ធ្នូនេះ បានឲ្យដឹងថា តួប៉មប្រាសាទឥដ្ឋ អាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាន នៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈម ការខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹងមាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរាចំណាយពេល ប្រហែល៧ខែ ដើម្បីជួយសង្គ្រោះ រចនាសម្ពន្ធជាច្រើនផ្នែកមក។

ក្នុងនោះដែរ ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល បានឱ្យដឹងថា ក្រុមការងារជួសជុល បានពង្រឹងរចនាសម្ពន្ធ របស់ប្រាសាទឥដ្ឋអាយុកាលជាង ១ពាន់ឆ្នាំនេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាងលិច និងខាងជើង ព្រមទាំងដំបូល។

លោកបានមានប្រសាសន៍ឲ្យដឹងថា «នៅតាមជ្រុងនីមួយៗ ក៏បានពង្រឹងដោយប្រើ លក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យ ទឹកដក់ក្នុងប្រាសាទ។ ក្រុមការងារក៏ប្រើបច្ចេកទេស នៃការជួសជុល នៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ ផងដែរ។»

ប្រធានក្រុមអភិរក្សដដែល បានឱ្យដឹងទៀតថា ក្រុមការងារក៏បានរើឥដ្ឋដែលពុកផុយ ឬក៏ឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួន មកជំនួសនៅផ្នែកខាងក្នុង ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភ័ណភាព បែបបុរាណផង។

គួរឲ្យដឹងដែរថា តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ទទួលរងការខូចខាតជាចម្បងគឺ បណ្ដាលមកពីបញ្ហាទឹកភ្លៀងហូរចូល ទៅក្នុងតួប្រាសាទ ធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវ បង្កើតទៅជាជាតិអាស៊ីតម្យ៉ាង។ ម៉្យាងទៀត កត្តាអាយុកាលចំណាស់ របស់សំណង់ និងអាកាសធាតុ ក៏បានរួមចំណែក ធ្វើឱ្យសំណង់ប្រាសាទខូចខាត ដូចជាធ្វើឱ្យឥដ្ឋ នៅផ្នែកខាងក្នុងជាច្រើន មានពណ៌ខ្មៅហើយពុកផុយ ដែលទឹកភ្លៀងអាចហូរចូល បានយ៉ាងងាយធ្វើឱ្យរុក្ខជាតិ ជាច្រើនដុះលូតលាស់ផងដែរ។

គួររម្លឹកដែរថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុល តួប៉មប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទព្រះគោនេះ តាំងតែពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារ ដ៏ពិបាកនេះ បានទទួលជោគជ័យ និងបញ្ចប់ជាស្ថាពរហើយ។


ប្រភព៖ អាជ្ញាធរជាតិអប្សរា