ទីក្រុងពាណិជ្ជកម្មធំជាងគេនៅក្នុងទ្វីបអាស៊ី គឺទីក្រុងហុងកុងនេះឯង ដែលមានភាពមមាញឹកខ្លាំងបំផុត និងមានមនុស្សរស់នៅច្រើនបំផុតបន្ទាប់ពីម៉ាកាវ និងសិង្ហបុរី បើគិតទៅលើដង់ស៊ីតេប្រជាជនធៀបនឹងផ្ទៃដី។ ទីក្រុងហុងកុងកំពុងតែរីចម្រើនខ្លាំង និងមានការទទួលស្គាល់ជាច្រើនថាជាទីក្រុងទំនើប ឈានទៅរកទីក្រុងវៃឆ្លាតផងដែរ លើសពីនេះនៅក្នុងឆ្នាំ ២០១៨ ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានតម្លៃថ្លៃបំផុតទី ៦ នៅលើពិភពលោក សម្រាប់ជនបរទេសដែលចង់មករស់នៅ។
នៅក្នុងការបោះឆ្នោតតំបន់ចំនួន ៤៥០ កន្លែងជុំវិញពិភពលោកចាប់ពីខែមីនាដល់កញ្ញាមក បង្ហាញថាហុង កុង ជាទីក្រុងមានរូបិយប័ណ្ណថ្លៃ ដែលបានកើនតម្លៃខ្លាំងជាងគេនៅអាស៊ីនេះផងដែរ បើតាមការបង្ហាញពី ក្រុមហ៊ុនមូលធន ECA ប្រាប់ថា រូបិយប័ណ្ណរបស់ដុល្លារហុងកុង បានកើនតម្លៃខ្លាំងជាងលុយយ័នជប៉ុន ១៥% កើនតម្លៃជាងលុយយ័ននៅចិនដីគោក ១០% ហើយក៏កើនតម្លៃជាងលុយដុល្លារសិង្ហបុរី ៦% ផងដែរ។ ការកើនឡើងរហ័សនៃប្រាក់ដុល្លារហុងកុងនេះ វាបានធ្វើឲ្យទីក្រុងហុងកុងប្រែខ្លួនទៅជាទីក្រុងដែលមានតម្លៃថ្លៃខ្លាំងសម្រាប់រស់នៅ ពីចំណាត់ថ្នាក់ទី ៩ (ក្នុងឆ្នាំ ២០១៧) មកដល់ទី ៦ (ក្នុងឆ្នាំ ២០១៨) ទៅលើការទិញអាហារញ៉ាំ, ផលិតផលអាហារ, របស់របរកំសាន្ដ, សេវាកម្ម, សម្លៀកបំពាក់, គ្រឿងអេឡិចត្រូនិច, យាន្ដជំនិះ -ល- ដែលនេះមិនទាន់រាប់បញ្ចូលទាំងការជួលកន្លែងស្នាក់នៅ ការបង់ពន្ធយាន្ដយន និងតម្លៃសិក្សាផង។ លោក Stephanie Chan ដែលមកពីទីក្រុង London ធ្វើការនៅហុងកុង បានលើកឡើងថា តម្លៃស្នាក់នៅក្នុងទីក្រុងហុងកុងគឺថ្លៃជាងទីក្រុង London ទៅទៀត ដោយយើងត្រូវចំណាយចាប់ពី ៣០,០០០ ដុល្លារហុងកុង សម្រាប់បន្ទប់ម្នាក់ឯង ឬ ២នាក់ ចំណែកឯបន្ទប់ធំជាងនេះក៏កាន់តែថ្លៃជាងនេះទៅទៀត លើសពីនេះ សូម្បីតែសេវាកម្មក្លឹបហាត់ប្រាណក៏មានតម្លៃថ្លៃជាងផងដែរ ក្នុងការទិញកាតសមាជិក ហើយចំពោះបាយមាន់មួយចាន យើងត្រូវចំណាយ ៥០ ដុល្លារហុងកុង ដែលស្មើរនឹង ៦.៤០ ដុល្លារអាមេរិច។ កត្តាទាំងអស់នេះហើយ ធ្វើឲ្យទឹកដីហុងកុង ជាកន្លែងដែលថ្លៃជាងគេលំដាប់ទី ៦ នៅលើពិភពលោក និងទី ២ នៅក្នុងអាស៊ីដែលជនបរទេសត្រូវចំណាយលុយច្រើនបន្ដិចក្នុងការរស់នៅ។
យ៉ាងណាក៏ដោយ សម្រាប់ទីក្រុងដែលមានចំណាត់ថ្នាក់លេខ ១ គឺ Ashgabat នៅប្រទេស Turkmenistan នៅអាស៊ីកណ្ដាលឯណោះ ដែលបានធ្លាក់តាំងពីលេខ ១៤៦ មកដល់លេខ ១ ដោយកាលពីឆ្នាំមុនវាមានវិបត្តិសេដ្ឋកិច្ច ដោយសារទីផ្សារងងឹតលើជំនួញច្រើន។ ប្រទេស Turkmenistan ក៏ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិនៅក្រោមដីផងដែរគឺប្រេងកាត និងរ៉ែជាច្រើន ធ្វើឲ្យក្លាយជាទីក្រុងថ្លៃលំដាប់លេខ ១ លើពិភពលោក។
ដោយឡែក បើយើងក្រលេកមើលទៅប្រទេសសិង្ហបុរី យើងក៏ឃើញការកើនឡើងនៃតម្លៃប្រាក់ដុល្លារសិង្ហបុរីច្រើនផងដែរក្នុងឆ្នាំនេះ ធ្វើឲ្យវាឈរនៅលំដាប់ខ្ពស់ក្នុងទ្វីបអាស៊ី ក្រោយតែទីក្រុងហុងកុង សៀងហៃ និងតូក្យូតែប៉ុណ្ណោះ។ អញ្ចឹងសិង្ហបុរីជាប្រទេសទី ៣ ដែលមានតម្លៃថ្លៃបំផុតសម្រាប់រស់នៅក្នុងទ្វីបអាស៊ីទាំងមូល ដោយសារតែទំហំដីតូច អចលទ្រព្យតម្លៃថ្លៃ ការទិញយាន្ដយន្ដនិងបង់ពន្ធក៏ថ្លៃកប់ផងដែរ។