ប្រវត្តិចេតិយ ជ័យនន្ទ៖ មូលហេតុដែលមានការបញ្ចុះសពនៅទីធ្លារប្រាសាទអង្គវត្ត ក្នុងជំនឿរបស់ខ្មែរ!

ប្រាសាទអង្គវត្ត និយាយជាសាមញ្ញថាជាប្រាសាទដ៏មានតម្លៃបំផុតសម្រាប់ប្រជាជនខ្មែរ បង្ហាញអំពីភាពរុងរឿងនៃអាណាចក្រខ្មែរសម័យបុរាណ បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលជាស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យមានអាយុកាលជិតមួយពាន់ឆ្នាំ និងជាប្រាសាទសម្រាប់បូជាសាសនាធំជាងគេបំផុតនៅលើពិភពលោក។ ដូចនេះហើយ ទើបប្រាសាទអង្គវត្តបានស្ថិតជាប់នៅលើទង់ជាតិខ្មែរគ្រប់សម័យកាល រហូតដល់មានពាក្យខ្មែរនិយាយតៗគ្នាថា «កើតមកជាកូនខ្មែរ ត្រូវតែបានទៅទស្សនាប្រាសាទអង្គរវត្តយ៉ាងហោចណាស់ម្ដងក្នុងមួយឆាកជីវិត»។ ជាការពិត ពាក្យនេះគឺជាការសម្ដែងនូវការដឹងគុណដល់បុព្វបុរសខ្មែរ និងបំផុសនូវមោទនភាពជាកូនខ្មែរ ដែលមានដូនតាជាពូជអ្នកប្រាជ្ញ អាចសាងសង់នូវសំណង់ប្រាសាទធំៗបាន រហូតដល់អរិយធម៌ខ្មែរឡើងដល់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

ប៉ុន្តែក្រោយមក ប្រាសាទខ្មែររាប់ពាន់ត្រូវបានបោះបង់ចោលនៅក្នុងព្រៃ ចាប់ពីសតវត្សទី ១៥ (ការចាកចោលក្រុងអង្គរនៅឆ្នាំ ១៤៣១) ហើយប្រាសាទអង្គរវត្តដែលជាកន្លែងទីសក្ការៈ ត្រូវបានថមថយចុះនូវតម្លៃ រហូតដល់ក្លាយទៅជាទីនៃជំនឿផ្សេងៗ និងមានការបញ្ចុះសពនៅទីនោះផងដែរ តួយ៉ាងយើងអាចឃើញ ចេតិយ ជ័យនន្ទ ជាឧទាហរណ៍។ អញ្ចឹងតើប្រវត្តិនៃចេតិយនេះ មានរឿងរាវយ៉ាងណាខ្លះ? ហើយហេតុអ្វីបានប្រជាជនខ្មែរសម័យក្រោយអង្គរបានមកបញ្ចុះសពនៅបរិវេណប្រាសាទអង្គរវត្ត?

 

ប្រសិនបើអ្នកធ្វើដំណើរមួយជុំប្រាសាទអង្គវត្ត លោកអ្នកនឹងបានឃើញនូវចេតិយ ជ័យនន្ទ ដែលស្ថិតនៅបែកខាងក្រោយប្រាសាទអង្គរវត្ត (ទិសខាងកើត នៃថែវទី ៣) ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងអំពីប្រវត្តិចេតិយនេះ ហើយអ្នកខ្លះក៏មិនទាន់បានដឹង ឬមិនបានចាប់អារម្មណ៍ឃើញទៀតផង។ តាមពិតទៅ ប្រវត្តិនៃការសាងសង់របស់ចេតិយនេះ បានសរសេរយ៉ាងពិស្ដារនៅលើសិលាចារឹកមួយផ្ទាំង នៅថែវទី ៣ ខាងកើត នៃប្រាសាទអង្គវត្ត ទល់មុខចេតិយនេះរួចមកហើយដោយយើងអាចអានបាន។ ហើយបើយោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានឲ្យដឹងថា ចេតិយ ជ័យនន្ទ បានសាងសង់ឡើងនៅក្នុងឆ្នាំ ១៧០១ នៃគ្រឹសរាជ (សករាជ ១៦២៣) 

 

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់អំពីសិលាចារឹកខាងលើថា សិលាចារឹកនេះបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធនិងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិតនៅអង្គវត្ត ហើយលោកជ័យនន្ទក៏ជាមន្ដ្រីខ្ពង់ខ្ពស់ម្នាក់ បម្រើការក្នុងរាជវាំងផងដែរ ដោយកាលនោះរាជធានី គឺស្ថិតនៅឧត្តុង្គ។ ដោយហេតុតែមិនដឹងពីការស្លាប់របស់ប្រពន្ធនឹងកូនដោយសារបញ្ហាអ្វី និងមិនដឹងបញ្ចុះសពនៅទីណាឲ្យស័ក្តិសមនោះ គេក៏សម្រេចយកមកបញ្ចុះនៅអង្គវត្តតែម្ដងទៅ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

 

តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីសតវត្សទី ១៦ ដល់ទី ១៨ កាលសម័នោះ ប្រាសាទអង្គរវត្ត ត្រូវបានគេឲ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី ២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និងខ្សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធានជាដើម។ នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។

 

លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។ ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា