សំណង់ស្ថាបត្យកម្មអាណានិគមបារាំងទាំង ១០ ដែលបានបន្សល់ទុកដល់សព្វថ្ងៃ នៅរាជធានីភ្នំពេញ!

រយៈពេល ៩០ ឆ្នាំ ដែលបារាំងបានធ្វើជាអាណាព្យាបាលរបស់កម្ពុជា ចាប់ពីឆ្នាំ ១៨៦៣-១៩៥៣ និងគ្រប់គ្រងឧបទ្វីបឥណ្ឌូចិនទាំងមូល គេបានសន្សល់ទុកនូវសំណង់ជាច្រើន ដែលមានលក្ខណៈបារាំងបែបសម័យទំនើប ខុសឆ្ងាយពីសំណង់រចនាបថរបស់ខ្មែរបុរាណ។ មកទល់ពេលនេះ សំណង់ស្ថាបត្យកម្មបារាំងទាំងនោះ ត្រូវបានគេចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ ហើយធ្វើការអភិរក្សទុកដល់កូនចៅជំនាន់ក្រោយបានឃើញ អំពីសំណង់ដែលទទួលឥទ្ធិពលក្នុងសម័យបារាំង ក្នុងនោះរួមមាន អគាររដ្ឋបាល, សាលារៀន, ធនាគារ, មន្ទីពេទ្យ, សណ្ឋាគារ, ប្រៃសណីយ៍ -ល-។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្គាល់សំណង់ក្នុងសម័យអាណានិគមបារាំងទាំង ១០ ដែលមាននៅក្នុងរាជធានីភ្នំពេញ។

១. ផ្សារធំថ្មី

ផ្សារធំថ្មី ជាសំណង់ធំជាងគេបំផុតនាសម័យអណានិគមបារាំង ស្ថិតនៅរាជធានីភ្នំពេញ និងឈរបានយ៉ាងរឹងមាំដល់សព្វថ្ងៃ ជាមួយការជួសជុលកែលម្អឡើងវិញក្នុងឆ្នាំ ២០១១។ ផ្សារធំថ្មី បានសាងសង់ក្នុងកំឡុងពាក់កណ្ដាលទសវត្សឆ្នាំ ១៩៣០ នឹងបានក្លាយជាផ្សារដោះដូរទំនិញធំជាងគេបំផុតនៅអាស៊ី។ ស្ថាបត្យកម្មសំណង់ផ្សារថ្មី គេហៅថា Art Deco style ដែលមានប៉មមូលនៅកណ្ដាល និងដៃចំនួន ៤ ដូចជាស្ថានីយ៍រថភ្លើងអញ្ចឹងដែរ។ 

២. វិទ្យាល័យព្រះស៊ីសុវត្ថិ

វិទ្យាល័យព្រះស៊ីសុវត្ថិ មានឈ្មោះដើមថា Ecole du Protectorat (សាលារាជការអាណាព្យាបាល) ដែលជាអនុវិទ្យាល័យទំនើបដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ហ្វ្រង់ស្វ័រ ហ្វុងតែន កាលពីឆ្នាំ ១៨៧៣។ កាលសម័យនោះ សាលា Ecole Du Protectorat បានប្រើប្រាស់សម្រាប់បំពាក់បំប៉នចំណេះដឹងសិស្ស ដើម្បីបម្រើការនៅក្នុងស្ថាប័នរាជការ អាណានិគមនិយមបារាំងប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ ១៩៣៣ សាលានេះ ត្រូវបានប្រែក្លាយទៅជាវិទ្យាល័យព្រះស៊ីសុវត្ថិរហូតមកទល់សព្វថ្ងៃ។

៣. ស្ថានីយ៍រថភ្លើងភ្នំពេញ

ស្ថានីយ៍រថភ្លើងភ្នំពេញ ត្រូវបានស្ថាបនានិងបើកដំណើរការនៅឆ្នាំ ១៩៣២ ប៉ុន្ដែដោយសារតែសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដូចនេះផ្លូវដែកក្នុងប្រទេសមិនសូវមានភាពរីកចម្រើនប៉ុន្មាននោះទេ។ យើងត្រូវរង់ចាំរហូតមកទល់នឹងចន្លោះឆ្នាំ ២០០៥-២០១៦ គឺជាដំណាក់ដែលមានការស្ថាបនាផ្លូវដែកឡើងវិញ ហើយសម្រាប់ ស្ថានីយ៍រថភ្លើងភ្នំពេញនេះ វាត្រូវបានជួសជុល និងបានបើកដំណើរការឡើងវិញនៅឆ្នាំ ២០១០ និងបានភ្ជាប់ខ្សែរថភ្លើងទៅកាន់ភាគខាងជើងទៅដល់ខេត្តបាត់ដំបង ហួសទៅដល់ព្រំដែនខ្មែរ-ថៃ និងភាគខាងត្បូងទៅដល់ខេត្តកំពត ហួសទៅដល់ខេត្តព្រះសីហនុផងដែរ។

៤. ប្រៃសណីយ៍កម្ពុជា

ប្រៃសណីយ៍កម្ពុជា គឺជាសំណង់ដែលរដ្ឋបាលបារាំងបានណែនាំឲ្យចេះប្រើប្រាស់បញ្ញើរក្នុងវិស័យរដ្ឋបាលជាលក្ខណៈផ្លូវការ។ អគារនេះត្រូវបានបើកដំណើរការតាំងពីឆ្នាំ ១៨៩៥ ដែលបារាំងបានសាងសង់ដើម្បីទំនាក់ទំនងទូទាំងឥណ្ឌូចិនទាំងមូល និងតំបន់ដទៃទៀត។ នៅក្នុងឆ្នាំ ២០០៤ អគារប្រៃសណីយ៍នេះ ត្រូវបានជួសជុលឡើងវិញ និងត្រូវបានប្រើប្រាស់ជាកន្លែងបញ្ញើអន្តរជាតិ, សេវាកម្មគ្រប់គ្រងទូរគមនាគមន៍, និងសេវារថយន្ដ VIP សម្រាប់ដឹកអ្នកដំណើរទៅតាមបណ្ដាខេត្តផងដែរ។

៥. សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាសកលវិទ្យាល័យដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩១៧ និងមានឈ្មោះដើមថា Ecole des Arts Cambodgiens ដែលប្រើប្រាស់សម្រាប់បណ្ដុះបណ្ដាលថ្នាក់គំនូរប្រពៃណី, ថ្នាក់ចម្លាក់ និងសូនរូប, ចម្លាក់ប្រាក់ និងសំរិទ្ធ, និងចម្លាក់គ្រឿងសង្ហារឹមផ្សេងៗទៀត។ បច្ចុប្បន្ននេះ សកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានបន្ថែមទីតាំងនៅជាយក្រុងបន្ថែមទៀត ដោយសារតែកំណើនឡើងខ្ពស់នៃនិស្សិត និងការពង្រីកទីធ្លារនៃសារមន្ទីជាតិ។ 

៦. បណ្ណាល័យជាតិ

បណ្ណាល័យជាតិ គឺជាបណ្ណាល័យធំដំបូងគេផងដែរ ដោយស្ថិតនៅក្បែរនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាប់នឹងសណ្ឋាគារ Hotel Le Royal។ បណ្ណាល័យជាតិបានសាងសង់ឡើងក្នុងឆ្នាំ ១៩២៤ ប៉ុន្តែគួរសោកស្ដាយ ដែលផ្នែកមួយចំនួនត្រូវបានបំផ្លាញនៅក្នុងរបបប៉ុលពត។ យ៉ាងណាមិញ បណ្ណាល័យជាតិនៅតែរក្សានូវស្ថាបត្យកម្មសម័យអាណានិគមបារាំង និងកំពុងស្ថិតក្នុងដំណាក់កាលជួសជុលឡើងវិញ។ 

៧. សណ្ឋាគារ Hotel Le Royal

សណ្ឋាគារ Hotel Le Royal ស្ថិតនៅជាប់នឹងបណ្ណាល័យជាតិតែម្ដង ដែលវាត្រូវបានបើកដំណើរការតាំងពីឆ្នាំ ១៩២៩ ដែលជាសណ្ឋាគារដ៏ល្បីល្បាញក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រណិតភាព និងរចនាបថយ៉ាងស្រស់ស្អាត។ សណ្ឋាគារនេះ ធ្លាប់បានទទួលភ្ញៀវល្បីៗដូចជា លោកស្រី Jacqueline Kennedy (ភរិយារបស់អតីតប្រធានាធិបតីអាមេរិច John F. Kennedy) និងលោក Charlie Chaplin (យើងនិយមហៅថា លោក សាក់ឡូ) -ល-។ ចាប់ពីឆ្នាំ ១៩៩៧ មក សណ្ឋាគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Raffles Hotels and Resorts ដើម្បីជួសជុលនឹងបើកដំណើរការឡើងវិញ ហើយប្រែមកជាឈ្មោះ Raffles Hotel Le Royal មកទល់សព្វថ្ងៃ។

៨. សាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ វាគឺជាសំណង់ដែលសាងសង់ឡើងក្នុងឆ្នាំ ១៩២៥ ដើម្បីបម្រើកិច្ចការរដ្ឋបាលផ្សេងៗ ព្រោះភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា។ ហើយសំណង់នេះ ត្រូវបានជួសជុលជាថ្មីឡើងវិញ នៅក្នុងកំឡុងឆ្នាំ ២០១៦ ហើយត្រូវរក្សានូវសំណង់ស្ថាបត្យកម្មបារាំងដដែល។

៩. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អគារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនខុសពីអគារសាលារាជធានីភ្នំពេញនោះទេ វាត្រូវបានសាងសង់ឡើងក្នុងកំឡុងឆ្នាំ ១៩២៥ និងត្រូវបានជួសជុលឡើងវិញនៅក្នុងឆ្នាំ ២០១៦ ដែលរចនាបថរបស់វាគឺស្រដៀងនឹងសណ្ឋគារ Hotel Le Royal។ គេជឿថា សំណង់អគារក្រសួងប្រៃសណីយ៍នេះ គឺបង្ហាញអំពីសំណង់ការិយាល័យធ្វើការទូទៅ នៃសម័យអាណានិគមបារាំង។ 

១០. អគារ UNESCO

អគារការិយាល័យ UNESCO មានទីតាំងស្ថិតនៅជាប់នឹងសួនច្បារមុខព្រះបរមរាជវាំង ដែលជាការិយាល័យកណ្ដាល UNESCO ប្រចាំប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩១ មក ដែលមានតួនាទីសម្រាប់អភិរក្សសម្បត្តិបេតិកភ័ណ្ឌនៅប្រទេសកម្ពុជា។ អគារនេះ គឺមានរចនាបថនៃអគារការិយាល័យធ្វើការ ក្នុងសម័យអាណានិគមបារាំងតែម្ដង។ 

ជាសរុបមក ទាំងនេះគឺជាសំណង់ទាំង ១០ ដែលបានសាងសង់ក្នុងសម័យអាណានិគមបារាំង មានរចនាបថបែបបារាំង និងត្រូវបានប្រើប្រាស់រហូតមកទល់សព្វថ្ងៃនេះ ហើយក៏នៅមានសំណង់ជាច្រើនទៀតផងដែរក្នុងរាជធានីភ្នំពេញ ដោយយើងមិនអាចរៀបរាប់អស់នៅក្នុងអត្ថបទនេះ។ ជាក់ស្ដែង យើងឃើញយ៉ាងច្បាស់ថា រាជធានីភ្នំពេញសម្បូរទៅដោយសំណង់ធំៗក្នុងសម័យបារាំង ដែលបម្រើក្នុងវិស័យអប់រំ, រដ្ឋបាល, ធនាគារ, សណ្ឋាគារ, ប្រៃសណីយ៍ -ល-។ ចំណែកនៅខេត្តបាត់ដំបង យើងនឹងឃើញសំណង់ផ្នែករដ្ឋបាល និងលំនៅដ្ឋានបែបបារាំងជាច្រើនទៀត, រីឯខេត្តកំពតវិញ គឺជាទិសដៅសម្រាប់លំហែកាយ ដូចនេះគេឃើញមាន សណ្ឋាគារ កាស៊ីណូ និងព្រះវិហារ នៅលើភ្នំបូកគោ ជាដើម។