មកស្គាល់ទំនប់វារីអគ្គិសនីដំបូងចំនួន ៦ នៅក្នុងប្រទេសកម្ពុជា!

បច្ចុប្បន្ននេះ ​ប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍វិស័យអទិភាពស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលរួមមាន៖ ធនធាន មនុស្ស, ផ្លូវ, ភ្លើង និងទឹក ដែលកត្តាទាំង ៤ ខាងលើនេះ អាចជួយជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យរួចផុតពីប្រទេសក្រីក្រ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ យើងឃើញថា ការអភិវឌ្ឍន៍លើវិស័យថាមពលត្រូវបានមានសន្ទុះឡើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលវាមានសារៈសំខាន់ទៅលើការធ្វើទំនើបកម្មទីក្រុង និងការប្រើប្រាស់លើវិស័យឧស្សាហកម្មផ្សេងៗទៀត អញ្ចឹងថ្ងៃនេះយើងនឹងមកស្គាល់វារីអគ្គិសនីដំបូងចំនួន ៦ ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

១. វារីអគ្គិសនីគីរីរម្យ ១

វារីអគ្គិសនីគីរីរម្យ ១ មានទីតាំងស្ថិតនៅក្នុងស្ទឹងច្រាល មានទំនប់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd ក្នុងរង្វង់ទឹកប្រាក់ ២៦ លានដុល្លារ អាចផ្ដល់ថាមពលក្នុងអានុភាព ១២ មេហ្គាវ៉ាត់ និងត្រូវសម្ពោធប្រើប្រាស់នៅឆ្នាំ ២០០២។ 

២. វារីអគ្គិសនីកំចាយ

វារីអគ្គិសនីកំចាយ មានទីតាំងនៅក្នុងស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ដែលមានសមត្ថភាពផលិតថាមពលមានអនុភាព ១៩៤.១ មេហ្គាវ៉ាត់ និងបានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១១។

៣. វារីអគ្គិសនីគីរីរម្យ ៣

វារីអគ្គិសនីគីរីរម្យ ៣ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd មានសមត្ថភាពផលិតថាមពលបានអនុភាព ១៨ មេហ្គាវ៉ាត់ និងបានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១៣។ 

៤. វារីអគ្គិសនីស្ទឹងអាតៃ

វារីអគ្គិសនីស្ទឹងអាតៃ មានទីតាំងស្ថិតនៅតំបន់ត្រីកោណ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd ដែលមានសមត្ថភាពផលិតថាមពលបានអនុភាព ១២០ មេហ្គាវ៉ាត់ និងបានសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១៤។ 

៥. វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម

វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម មានទីតាំងស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន China Huadian Lower Strung Russei Chrum Hydroelectric Project (Cambodia) Co., Ltd ដែលមានសមត្ថភាពផលិតផលបានអនុភាព ៣៣៨ មេហ្គាវ៉ាត់ និងបានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១៥។ 

៦. វារីអគ្គិសនីស្ទឹងតាតៃ 

វារីអគ្គីសនីស្ទឹងតាតៃ មានទីតាំងស្ថិតនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំបន់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ដែលមានសមត្ថភាពផលិតថាមពលបានអនុភាព ២៤៦ មេហ្គវ៉ាត់ និងបានសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១៥។