ទីផ្សារទេសចរណ៍ប្រទេសចិន ចាប់ផ្តើមងើបឡើងវិញកាន់តែប្រសើរ ខណៈការធ្វើដំណើរកម្សាន្តឆ្លងខេត្តផ្សេងៗនៅក្នុងប្រទេស ទទួលបានការអនុញ្ញាតឲ្យបន្ត!



នៅពេលដែលការធ្វើដំណើរឆ្លងកាត់រវាងខេត្ត និងខេត្ត នៅក្នុងប្រទេសបានបន្តដំណើរការឡើងវិញនៅក្នុងប្រទេសចិន បន្ទាប់ពីបានផ្អាកអស់រយៈពេលជាច្រើនខែ ដោយសារតែផ្ទុះឡើងនៃវីរុស Covid-19។ ភាពអ៊ូអរ និងការជួបជុំ ដំណើរកម្សាន្ត បានត្រឡប់មកវិញនៅតាម ទីតាំងទេសចរណ៍ទាក់ទាញផ្សេងៗនៅទូទាំងប្រទេស។



លោក Huang Min មគ្គុទេសទេសចរណ៍ នៅខេត្ត Anhui ភាគខាងកើតប្រទេសចិនបាននិយាយថា “ខ្ញុំទទួលបានភ្ញៀវប្រមាណជាជាង 20 នាក់មកពី Hebei និង Inner ម៉ុងហ្គោលីនាពេលបច្ចុប្បន្ននេះ ដែលវាពិតជាការប្រសើរឡើងខ្លាំង បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានខែមុន។



ក្រសួងវប្បធម៌និងទេសចរណ៍របស់ចិន បានប្រកាសនៅថ្ងៃទី 14 ខែកក្កដា កន្លងទៅថា ទីភ្នាក់ងារទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍តាមអ៊ិនធរណេត ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទេសចរណ៍ជាក្រុម តាមខេត្តជាបន្តបន្ទាប់។ ការបន្តដំណើរការនេះ បានបណ្តាលឱ្យតម្រូវការធ្វើដំណើរក្នុងស្រុកមានការកើនឡើងយ៉ាងគំហុក ជាពិសេសពីប្រជាជនចិន ដែលធ្លាប់តែបានស្នាក់នៅផ្ទះរបស់ពួកគេ អស់រយៈពេលជាច្រើនខែមកនេះ ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19។



យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយរបស់ប្រទេស Trip.com បាននិយាយថា ចាប់តាំងពីថ្ងៃទី 29 កក្កដាមក ទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅទូទាំងប្រទេស បានទទួលភ្ញៀវទេសចរជិត 3 ដង បើធៀបនឹងត្រីមាសមុន។




ជាឧទាហរណ៍ ការបន្តដំណើរទេសចរណ៍ឆ្លងកាត់ខេត្ត បានជម្រុញវិស័យទេសចរណ៍បន្ថែមទៀត។ តួយ៉ាងដូចជាទីតាំង Hongcun (ភូមិប្រវត្តិសាស្ត្រមួយនៅទីក្រុង Hongcun) ដែលមានភ្ញៀវទេសចរប្រចាំថ្ងៃជាមធ្យមរបស់ខ្លួនបានកើនឡើងដល់ជាង 3,000 នាក់ ដែលជិតពាក់កណ្តាលនៃចំនួននេះ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមប្រសាសន៍របស់លោក Hu Weimin ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Yixian County Hui Huang Tourism Group។



យោងតាមលោក Hui បានឲ្យដឹងថា នៅពេលការបន្តឡើងវិញនេះបានចាប់ផ្តើម នៅមុនវិស្សមកាលរដូវក្តៅ ការធ្វើដំណើរជាលក្ខណៈគ្រួសារ បានក្លាយជាការពេញនិយមយ៉ាងខ្លាំង ដោយការចុះឈ្មោះធ្វើដំណើរកម្សាន្តបានកើនឡើងជិត 60%។

បន្ថែមពីនេះ ទីភ្នាក់ងារទេសចរណ៍ ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារការរីករាលដាលនៃជំងឺនេះ ក៏បានវិលត្រឡប់មកធ្វើការឡើងវិញដែរ។




របាយការណ៍របស់ Trip.com Group បានបង្ហាញថា ទីភ្នាក់ងារទេសចរណ៍ជាង 4,000 បានដាក់បង្ហាញផលិតផលទេសចរណ៍ក្នុងស្រុក នៅលើវេទិការបស់ខ្លួន។

លោក Liang Jianzhang ប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុន Trip.com Group បាននិយាយថាក្នុងឆមាសទី 1 ឆ្នាំនេះ ភ្នាក់ងារទេសចរណ៍ត្រូវពឹងផ្អែកលើប្រព័ន្ធនៃការធ្វើដំណើររយៈពេលខ្លី ដើម្បីរស់រានបាន ហើយប្រាក់ចំណូលដែលរកបាន មានតែ 1/10 នៃប្រាក់ចំណូលពីមុនរបស់ពួកគេប៉ុណ្ណោះ។




លោក Liang បានបន្ថែមទៀតថា ទេសចរណ៍ក្រៅស្រុកជាធម្មតា មានចំនួនពាក់កណ្តាលនៃប្រាក់ចំណូលសម្រាប់ទីភ្នាក់ងារទេសចរណ៍ និង 40% នៃប្រាក់ចំណូលរបស់ពួកគេ បានមកពីការធ្វើដំណើរឆ្លងកាត់ខេត្ត នៅទូទាំងប្រទេស។

លោក Wu Minghua អាយុ 34 ឆ្នាំមកពីខេត្តក្វាងទុង (Guangdong) បាននិយាយថា អ្នកទេសចរដូចជារូបគាត់ផ្ទាល់ ត្រូវតែចុះអនុវត្តតាមសកម្មភាពដែលបានលើកឡើង អំពីការអនុលោម ទៅនឹងវិធានការណ៍ប្រឆាំងនឹងការរីករាលដាលមេរោគ Covid-19 ដូចជាការតាមដានកម្តៅខ្លួនរបស់គាត់ប្រចាំថ្ងៃ ក្នុងចំនោមអ្នកទេសចរដទៃទៀត។




លោក Wu បាននិយាយថា "យើងត្រូវបានគេប្រាប់ មុនពេលធ្វើដំណើរថា យានយន្តដែលយើងជិះ នឹងត្រូវបានសម្អាតសម្លាប់មេរោគជារៀងរាល់ថ្ងៃ ដើម្បីធានាបាននូវបរិស្ថានស្អាត និងសុវត្ថិភាពសម្រាប់អ្នកដំណើរ។”

លោក Li Kang ប្រធានទីភ្នាក់ងារទេសចរណ៍នៅ Hefei រដ្ឋធានីនៃខេត្ត Anhui បាននិយាយថា ដោយសារតែផលប៉ះពាល់នៃការរាតត្បាតរបស់មេរោគ ក្រុមទេសចរណ៍ខ្នាតតូច និងអតិថិជនរបស់ពួកគេ បានចាប់ផ្តើមទទួលបានប្រជាប្រិយភាព។

លោក Li បាននិយាយថា "ប្រជាជនមានឆន្ទៈ ក្នុងការចំណាយកាន់តែច្រើនសម្រាប់សេវាកម្ម ដែលមានគុណភាព និងវិធានការណ៍ ការពារសុខភាពនិងសុវត្ថិភាព។”

នៅតាមតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយក្នុងប្រទេស កំពុងរៀបចំសម្រាប់លំហូរភ្ញៀវទេសចរដ៏ច្រើន មន្ទីរទេសចរណ៍ក្នុងស្រុក ក៏បានណែនាំនូវការលើកទឹកចិត្ត ដើម្បីទាក់ទាញភ្ញៀវមកពីខាងក្រៅ តំបន់ផងដែរ។ បណ្តាខេត្តដូចជាខេត្ត Shandong, Shanxi, Henan, និង Guizhou បានប្រកាសលក់សំបុត្រឥតគិតថ្លៃ ឬការបញ្ចុះតម្លៃយ៉ាងច្រើន ដល់ភ្ញៀវទេសចរក្នុងប្រទេស។

លោក Hui បាននិយាយថា "តំបន់ Hongcun នឹងអនុញ្ញាត ឱ្យចូលដោយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម 16 ឆ្នាំ នៅពេលពួកគេធ្វើដំណើរជាមួយឪពុកម្តាយរបស់ពួកគេ។”

ដោយឡែក លោក Li ក៏បានមានប្រសាសន៍ថា "យើងមានបំណងចង់ចាប់យកឱកាសនេះ ដោយផ្តល់សេវាកម្ម ដែលត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ ចំពេលទីផ្សារទេសចរណ៍ក្នុងស្រុក កំពុងងើបឡើងវិញ។