គម្រោងអគារប្រណិតថ្មីខ្ពស់ៗ ដែលនឹងប្រើប្រាស់ធនធានកើតឡើងវិញ (sustainable design) គ្រោងនឹងបង្ហាញវត្តមាននៅតំបន់ “Australia’s Silicon Valley”



ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Skidmore, Owings, និង Merrill ហៅកាត់ថា (SOM) ត្រូវបានគេជ្រើសរើសរួម ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក Fender Katsalidis ដើម្បីរចនាប្លង់អគារថ្មីខ្ពស់ នៅក្នុងកណ្តាលទីក្រុងពាណិជ្ជកម្មស៊ីដនីរបស់អូស្ត្រាលី។ គម្រោងដែលមានកញ្ចប់ទឹកប្រាក់ប្រមាណ 2.5 ពាន់លានដុល្លារអូស្ត្រាលី នឹងរួមបញ្ចូលការរចនាប្រកបដោយចីរភាព (ប្រើប្រាស់ធនធានកើតឡើងវិញ) មានទាំងថាមពលព្រះអាទិត្យ និងមានបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ដែលជួយឲ្យផ្នែកខាងក្នុងនៃប៉មអគារភ្លោះនេះ មានខ្យល់ចេញចូលគ្រប់គ្រាន់បាន។




គម្រោងប៉មទាំងនេះ ត្រូវបានគេដាក់ឈ្មោះថា “Central Place Sydney” ដែលវាត្រូវបានជ្រើសរើសបន្ទាប់ពី ការប្រកួតប្រជែងផ្នែកស្ថាបត្យកម្ម ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការអភិវឌ្ឍដ៏ធំមួយ នៅក្នុងតំបន់ដែលមានឈ្មោះថា Tech Central ដែលរដ្ឋាភិបាលក្នុងស្រុកហៅថា “Australia’s Silicon Valley”។ វាមានអគារការិយាល័យ ចំនួន 36 និង 39 ជាន់។ ទម្រង់រួមរបស់វា ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកម្លាំងខ្យល់ និងបង្កើនពន្លឺធម្មជាតិនៅខាងក្នុង ហើយវានឹងត្រូវចូលរួមផ្សំជាមួយនឹង Low-rise sandstone tiered building ផងដែរ។




ក្រុមហ៊ុនស្ថាបត្យកម្ម SOM បាននិយាយថា “ស្ថិតនៅខាងខាងត្បូងនៃផ្នែកជ្រុង Henry Deane Plaza អគារកណ្តាលគឺជាទម្រង់ទីប្រជុំជន ប្រកបដោយថាមពល ដែលបង្ហាញពីអត្តសញ្ញាណដើមរបស់ទីក្រុង។ វាឡើងតាមជួរជាស៊េរីដែលត្រូវបានគេបើក ឱ្យមានទីធ្លារាបស្មើ សួនច្បារ និងទេសភាពផ្សេងៗនៅកម្រិតនីមួយៗ។ ទំរង់ថ្មភក់មានរាងកោង ឆ្លើយតបទៅនឹងមាត្រដ្ឋាន និងទម្រង់នៃចរិតលក្ខណៈដែលមានស្រាប់។ ជាន់ផ្ទាល់ដីគឺមានលក្ខណៈធំទូលំទូលាយ ដែលអាចទទួលយកបាន នូវបទពិសោធន៍លក់រាយ ដែលហូរចូលទៅក្នុងតំបន់ផ្លាហ្សា ខណៈដែលកម្រិតពាណិជ្ជកម្មជាន់ខ្ពស់ នឹងភ្ជាប់ទៅនឹងប៉មថ្មី ដើម្បីបង្កើតបានជាទីតាំងដែលមានកម្រាលឥដ្ឋបែបប្រណិតមួយបែបទៀតដែលមានលក្ខណៈជា campus-style floorplates។



អគារទាំងនេះ នឹងមានពណ៌បៃតងនៅលើផ្ទៃខាងក្នុង ខាងក្រៅ និងផ្នែកដំបូល។ លើសពីនេះទៀត បន្ទះស្រូបពន្លឺព្រះអាទិត្យ នឹងកាត់បន្ថយថាមពលនៃការប្រើប្រាស់ទូទៅ អូសកាត់ជាទម្រង់ក្រឡាចត្រង្គ ហើយផ្នែកខាងមុខរបស់អគារ ដែលបំពាក់ដោយបច្ចេកវិទ្យា AI នឹងធានាបាននូវការផ្គត់ផ្គង់ខ្យល់បរិសុទ្ធ ដល់ផ្នែកខាងក្នុងរបស់អគារ ក៏ដូចជាការពារអគារទាំងអស់ ពីការឡើងកម្តៅដោយព្រះអាទិត្យ។ 

គម្រោងនេះនឹងបង្កើតផ្ទៃក្រឡាការិយាល័យ ដែលមានភាពបត់បែន និងកន្លែងលក់រាយបានប្រហែល 150,000 ម៉ែត្រការ៉េ។ យោងទៅតាម SOM ជាន់នីមួយៗត្រូវបានបង្កើតឡើងជា "neighborhood" ដែលមានសួនច្បារ (winter gardens) ទីតាំងសម្រាកដែលមានពន្លឺចូលគ្រប់គ្រាន់ និងផ្ទៃរាបស្មើនៅខាងក្រៅផងដែរ។


ទន្ទឹមនឹងមនុស្សជាច្រើនកំពុងងឿងឆ្ងល់ថា តើបញ្ហា Covid-19 នឹងបង្កឱ្យមានការធ្លាក់ចុះនូវគម្រោងអគារការិយាល័យ ឬយ៉ាងណា? បច្ចុប្បន្ននៅមានមនុស្សជាច្រើនកំពុងធ្វើការពីផ្ទះនៅឡើយទេ ប៉ុន្តែប្រទេសអូស្ត្រាលីហាក់ដូចជាកំពុងបញ្ជាក់ថា ខ្លួនមិនទទួលផលប៉ះពាល់ទៅលើកំនើនអគារការិយាល័យរបស់ខ្លួនឡើយ។ បន្ថែមពីលើគម្រោងប៉មអគារ Central Place Sydney និងការអភិវឌ្ឍន៍មជ្ឍមណ្ឌលធំជាងនេះ អាជ្ញាធរប្រចាំក្នុងទីក្រុងមែលប៊នថ្មីៗនេះក៏បាន ផ្តល់ស្នាមមេដៃគាំទ្រ ទៅលើ Twisting Skyscraper ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី នៅពេលដែលវាបញ្ចប់ការសាងសង់ជាស្ថាពរ។




ថ្វីបើផែនការរបស់ប៉មអគារនេះ ត្រូវបានបង្ហាញជាផ្លូវការក៏ពិតមែន ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនៅពេលណា Central Place Sydney ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសាងសង់នោះ?