សិង្ហបុរី បានធ្លាក់ចុះចំនួនប្រជាជនជាលើកដំបូង នៅពេលជនបរទេសបានចាកចេញ!

គិតចាប់តាំងពីឆ្នាំ២០០៣ មក នេះជាលើកទី១ ដែលប្រទេសសិង្ហបុរី ស្គាល់ការធ្លាក់ចុះនៃអត្រាចំនួនប្រជាជននៅក្នុងប្រទេស ខណៈដែលវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប្រទេសសិង្ហបុរីបាត់បង់ភ្ញៀវទេសចរ និងបាត់បង់ការងារមួយចំនួន ហើយអ្នកធ្វើការជនជាតិបរទេស ត្រូវត្រលប់ទៅប្រទេសកំណើតរបស់គេវិញ។ 

អត្រាចំនួនប្រជាជនសិង្ហបុរី ប្រចាំឆ្នាំ២០២០ ត្រូវបានធ្លាក់ចុះមកត្រឹមតែចំនួន ៥.៦៩ លាននាក់ប៉ុណ្ណោះ ក្នុងនោះជនជាតិបរទេសមានចំនួនសរុប ១.៦៤ លាននាក់ មានការថយចុះខ្ទង់ ២.១%ឬស្មើនឹង ៣៥,៨០០ នាក់ ចំណែកជនជាតិសិង្ហបុរី ធ្វើដំណើរចេញទៅក្រៅប្រទេសមានចំនួនជាង ១៧,៨០០ នាក់ផងដែរ (ភាគច្រើនជាយុវជនអាយុចន្លោះពី ២០ ទៅ ២៤ ឆ្នាំ) ធ្វើឲ្យតួរលេខនៃអត្រាប្រជាជនសិង្ហបុរី ថយចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្ស។

ទន្ទឹមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនេះ ភ្ញៀវទេសចរបរទេស វិស័យសេវាកម្មមួយផ្នែករបស់សិង្ហបុរី ក៏មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ពិសេសប្រឈមនឹងការបាត់បង់ការងារពលករបរទេស ដែលមានចំណូលទាប។ ចំណែករដ្ឋាភិបាល មានផែនការណ៍កាត់បន្ថយការងារសម្រាប់ជនបរទេស ដោយលើកកម្ពស់ការងារសម្រាប់ជនជាតិសិង្ហបុរីផងដែរ នៅពេលដែលសេដ្ឋកិច្ចប្រទសសិង្ហបុរី ត្រូវបានគេព្យាករណ៍ថា នឹងអាចធ្លាក់ចុះខ្លាំងបំផុតក្នុងរង្វង់ -៥% ទៅដល់ -៧% នៅឆ្នាំ២០២០ នេះ។

សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០០៩ មក រដ្ឋាភិបាលសិង្ហបុរី បានផ្ដល់សិទ្ធរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍ដល់ជនបរទេសចំនួន ៣ ម៉ឺននាក់ជាមធ្យមក្នុងមួយឆ្នាំៗ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ ជនបរទេសចំនួន ៣២,៩១៥ នាក់បានទទួលសញ្ជាតិសិង្ហបុរី។