កាលពីម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់មហាវិថីថ្មីមួយមានទំហំទទឹង ៣០ ម៉ែត្រ តភ្ជាប់ចាប់ពីផ្លូវ១០០៣ (ផ្លូវមុខផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ) ទៅដល់មហាវិថីឈ្នះឈ្នះ ភូមិសាស្ត្រខណ្ឌឬស្សីកែវ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ ដែលកំពុងមានកំណើនប្រជាពលរដ្ឋរស់នៅយ៉ាងច្រើន។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ការស្ថាបនាមហាវិថីមួយខ្សែនេះ ជាផ្លូវបង្កើតឡើងមានការចូលរួមពីសប្បុរសជន ដែលកំពុងអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតាមបណ្ដោយផ្លូវនេះ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយមានប្រវែងសរុប ៥,៨៦០ ម៉ែត្រ ស្របជាមួយប្រឡាយភាគខាងជើងរាជធានីភ្នំពេញ និងទំហំទទឹង ៣០ ម៉ែត្រ ត្រុវបែកចែកជា ៣ គន្លងរថយន្ដ និង ២ គន្លងម៉ូតូ ជាប្រភេទផ្លូវបេតុងអាមេកម្រាស់ ២០ សង់ទីម៉ែត្រ ជាមួយការដាក់បណ្ដាញលូសងខាងផ្លូវប្រវែង ១១,៧២០ ម៉ែត្រ សល់ចិញ្ចើមផ្លូវ ២ ម៉ែត្រ និងការរៀបចំសួនច្បារកណ្ដាល ២ ម៉ែត្រផងដែរ។
គិតមកទល់ពេលនេះ ដំណាក់កាលទី១ សាងសង់ចាប់ពីផ្លូវ ១០០៣ ដល់ទីលានវាយកូនហ្គោល Grand Phnom Penh នៃគម្រោងសាងសង់មហាវិថីនេះ សម្រេចការងារបាន ៧០% ទៅ ៨០% ចំណែកដំណាក់កាលទី២ ស្ថាបនាចាប់ពី Grand Phnom Penh ទៅដល់មហាវិថីឈ្នះឈ្នះ នឹងត្រូវដោះស្រាយផលប៉ះពាល់ឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តគម្រោងសាងសង់ដំណាក់កាលទី២ ប្រព្រឹត្តទៅយ៉ាងរលូន។ តាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់នេះត្រូវបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ ដែលរស់នៅលើទ្រូងផ្លូវនេះតែម្ដង ប៉ុន្តែអភិបាលរាជធានីភ្នំពេញ ក៏បានដោះស្រាយជូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារនូវជម្រើសចំនួន ២ គឺទទួលយកដីទំហំ ៤.២ x ១៥ ម៉ែត្រនៅ 7NG ក្នុងខេត្តកណ្ដាល ដែលត្រៀមកាត់ចូលរាជធានីភ្នំពេញនៅពេលខាងមុខ ឬនៅតាមបណ្ដោយផ្លូវ ៥១ ក្នុងខណ្ឌព្រែកព្នៅ។
បន្ទាប់ពីគម្រោងសាងសង់មហាវិថីថ្មីមួយនេះ រដ្ឋបាលរាជធានីភ្នំពេញរំពឹងថា នេះជាសមិទ្ធផលថ្មីមួយដែលនឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងតំបន់ខណ្ឌសែនសុខ ជាពិសេសតភ្ជាប់ចាប់ពីរង្វង់មូលកាំកូ មកដល់វិថីអង្គរ ហើយក៏សម្រួលការធ្វើដំណើរពីផ្លូវ ១០០៣ ផ្សារទំនើបអ៊ីអន២ ទៅដល់មហាវិថីឈ្នះឈ្នះផងដែរ ស្របពេលដែលតំបន់នោះ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនូវសំណង់លំនៅដ្ឋានបុរី។