នៅត្រឹម ២ សប្ដាហ៍ចុងខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការនូវគម្រោងវិនិយោគរោងចក្រចំនួន ៥ កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន៖ រោងចក្រផលិតកង់អាគុយ រោងចក្រផលិតអំពូលភ្លើង រោងចក្រផលិតតុក្តតា រោងចក្រគ្រឿងសង្ហារឹម និងរោងចក្រផលិតកាបូប សរុបជាទឹកប្រាក់ ៣២.៣ លានដុល្លារ និងអាចបង្កើតការងារជូនប្រមាណ ២,៤៩៨ កន្លែង។
១. ក្រុមហ៊ុន Soki Bag & Accessories (Cambodia) Co., Ltd គម្រោងសុំវិនិយោគរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ មានទីតាំងនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ៥ លានដុល្លារ អាចបង្កើតការងារបាន ១,៣៨៣ កន្លែង។
២. ក្រុមហ៊ុន HongLaite Home Handicraft (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ មានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ៥.២ លានដុល្លារ និងអាចបង្កើតការងារបាន ៣៩៩ កន្លែង។
៣. ក្រុមហ៊ុន Leisger (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៣.៩ លានដុល្លារ អាចបង្កើតការងារបាន ២៥១ កន្លែង។
៤. ក្រុមហ៊ុន Xin Chen Fu Handicraft & Hoseware (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគជាង ៥.១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣៣ កន្លែង។
៥. ក្រុមហ៊ុន Jiaway Decore Co., Ltd គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣.១ លានដុល្លារ និងអាចបង្កើតការងារ ៣២ កន្លែង។