គម្រោងពង្រីកផ្លូវជាតិលេខ ១១ ដែលតភ្ជាប់ភូមិសាស្ត្រចាប់ពីស្ពានអ្នកលឿង ព្រៃវែង (បំបែកផ្លូវជាតិលេខ ១ ក្រោមស្ពាន) ទៅដល់ខេត្តត្បូងឃ្មុំ (ផ្លូវជាតិលេខ៧) ត្រូវបានធ្វើការសាងសង់ពង្រីក ធ្វើតេស្ដគុណភាពទទួលស្គាល់ និងប្រគល់វិញ្ញាបនប័ត្រគុណភាពដោយជោគជ័យ តាមរយៈការអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលពង្រីកទទឹងឲ្យបាន ១១ ម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព -ល- ដែលគម្រោងនេះបានប្រើប្រាស់កម្មករប្រមាណ ១,១០០ នាក់ដើម្បីសាងសង់។
យោងតាមការចេញផ្សាយពីស្ថានទូតចិននៅកម្ពុជា បានបង្ហាញថា ថ្មីៗនេះវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពផ្លូវជាតិលេខ ១១ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រូវបានប្រគល់ដោយជោគជ័យ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពសំណង់ផ្លូវជាតិខាងលើនេះ ដែលបានសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងស្ដង់ដារគុណភាពត្រឹមត្រូវ។ ផ្លូវជាតិលេខ ១១ ដែលតភ្ជាប់ចាប់ពីភូមិសាស្ត្រស្ពានអ្នកលឿង ខេត្តព្រៃវែង រហូតទៅដល់ខេត្តត្បូងឃ្មុំ មានប្រវែងជាង ៩៦ គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៨៦.៨ គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងជាង ៩ គីឡូម៉ែត្រ) ទទឹងផ្លូវ ១១ ម៉ែត្រ ដោយបានក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ ហើយក្រោយបញ្ចប់គម្រោងពង្រីកផ្លូវនេះ វាបានជួយសម្រួលចរាចរណ៍ក្នុងតំបន់ និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់ផងដែរ។ គម្រោងនេះ ត្រូវបានទទួលកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលចំណាយប្រមាណ ៩៨ លានដុល្លារ ដោយបានចាប់ផ្ដើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅដើមឆ្នាំ២០២១ ប្រើប្រាស់រយៈពេល ៤៤ ខែ។
ក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រោយពីបានបញ្ចប់ការពង្រីកផ្លូវជាតិលេខ១១ នេះគេឃើញមានអាជីវកម្មភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្ម នៅតាមដងផ្លូវជាតិនោះ មានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យសេវាកម្ម អាជីវកម្មបានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលចិន នឹងនៅតែបន្ដជួយគាំទ្រដល់ការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទាន ដើម្បីជួយជំរុញនូវកម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលឲ្យប្រសើរឡើង មានគម្រោងវិនិយោគច្រើនឡើង។
ប្រភព៖ ស្ថានទូតចិននៅកម្ពុជា