កន្លែងលំហែរកាយថ្មីមួយទើបបង្កើតឡើងនៅប្រទេសចិនសម្រាប់អ្នកចូលចិត្តធម្មជាតិ

លំនៅដ្ឋានមួយកន្លែងឈ្មោះ Cabin & Lodges ស្ថិតលើកោះនៃភាគខាងលិចសមុទ្រ Lushan ក្នុងទឹកដីខេត្ត Jiangxi នៃប្រទេសចិន បានក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ដោយសារនៅព័ទ្ធជុំវិញទីនេះ ពោរពេញដោយដើមឈើធម្មជាតិ និងជាប់មាត់សមុទ្រ ដោយយើងធ្លាប់តែបានឃើញផ្ទះលើកោះដទៃ មានពោរពេញដោយវាលខ្សាច់ កម្តៅក្តៅ និងមានតែដើមដូងខ្ពស់ ប៉ុន្តែកោះនេះ ពោរពេញដោយអាកាស ត្រជាក់លំហើយៗ និងអំណោយផលដល់ការរស់នៅណាស់។ 

ក្រុមស្ថាបត្យករជនជាតិចិន Shanghai Parallect Architecuture ជាអ្នកបង្កើតសំណង់លំនៅដ្ឋាន នៅទីនេះឡើង រំលេចចំកណ្តាលព្រៃឈើធម្មជាតិ។ ពួកគេបានសាងសង់ឡើងនូវប៉មមួយកម្ពស់ដល់ 24 ម៉ែត្រ សម្រាប់ឡើងទៅគយគន់ទេសភាពជុំវិញបានច្បាស់ល្អ, មានសាលជួបជុំធំមួយ សម្រាប់ការប្រារព្ធ កម្មវិធីជប់លៀងផ្សេងៗ និងបន្ទប់សម្រាប់ស្នាក់នៅចំនួន 19 បន្ទប់ទៀត ដែលសំណង់ទាំងនេះ ត្រូវបាន ប្រើប្រាស់ឈើបង្កើតឡើងទាំងអស់ រួមទាំងដំបូលផងដែរ។ ជាមួយក្បូរក្បាច់ម៉ូតយកលំនាំតាមផ្ទះបុរាណ លាយលំជាបច្ចេកទេសសម័យថ្មី ធ្វើឲ្យលំនៅដ្ឋានទីនេះ មានភាពលេចធ្លោម្យ៉ាងដែរ សមស្របជាមួយ ធម្មជាតិជុំវិញ។ 

គ្រប់បន្ទប់ទាំងអស់ ត្រូវបានសាងសង់ឡើងគិតគូរដល់អ្នកស្នាក់នៅ តាមលំហូរខ្យល់ អាចឲ្យពួកគេទទួលបានខ្យល់អាកាសបរិសុទ្ធចូលក្នុងបន្ទប់ និងបង្អួចនីមួយៗ បែរទៅចំទិដ្ឋភាពធម្មជាតិ ផ្សេងៗគ្នា ដើម្បីបំពេញចំណាប់អារម្មណ៍របស់អ្នកស្នាក់នៅ។ សូម្បីតែផ្លូវដើរឆ្លងកាត់ពី បន្ទប់មួយទៅ បន្ទប់មួយក៏ពួកគេបានប្រើប្រាស់ឈើក្រាលជាផ្លូវសម្រាប់ដើរផងដែរ។ ដែលយើងអាចឃើញសំណង់ ស្ថាបត្យកម្មមួយនេះ មានភាពលេចធ្លោកាន់តែខ្លាំង នៅពេលយើងមើលពីលើ ដូចដែលរូបភាពដែលបានថតចំពីលើឲ្យយើងបានឃើញ។     

សម្រាប់អ្នកទេសចរមកកាន់ទីនេះ អាចចូលរួមជាមួយសកម្មភាពជាច្រើន រួមមាន ការបោះតង់កម្សាន្ត ឬកក់បន្ទប់សម្រាប់ស្នាក់នៅ, ការប្រណាំង Drone, ការបង្ហោះបាឡុង, ហាត់យូហ្គា, ការដាំកូនឈើ, ការដើរកម្សាន្ត និងសកម្មភាពមួយចំនួនទៀត ដោយមានមគ្គុទេសក្នុងការណែនាំពួកគេ ដើម្បីកាន់តែ មានអារម្មណ៍រីករាយនៅពេលមកដល់ទីនេះ។