អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គ កណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយការដួលរលំស្ទើរទាំងស្រុង។ ក្នុងដំណើរការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួន ធំត្រូវបាត់បង់និងខូចគុណភាព រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជិត ៨០ ភាគរយ ហើយ។ ដោយឡែកការងារដែលនៅសេសសល់ដូចជាការរៀបតួប្រាសាទឡើងវិញពីហោជាងទៅដំបូល ខាងលើ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ ២០២២ខាងមុខ។
ប្រាសាទតុបស្ថិតនៅក្នុងរាជធានីអង្គរធំ ខាងកើតប្រាសាទបាយ័ន ចន្លោះទ្វារខ្មោចនិងទ្វារជ័យ។ ប្រាសាទ តូចមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលមើលទេ ដោយសារវាតូចផង ហើយនៅក្នុងព្រៃផង ឬក៏គេ មិនសូវស្គាល់ផង។ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រាសាទនេះសំខាន់ណាស់ ពីព្រោះវាជាប្រាសាទចុង ក្រោយគេដែលសាងអំពីថ្មភក់ និងឧទ្ទិសដល់សាសនាព្រាហ្ម។ ឈ្មោះប្រាសាទដែលអ្នកស្រុកហៅថា "តុប" នេះមានច្រើនណាស់ទាំងនៅតំបន់អង្គរ និងកន្លែងផ្សេងៗទៀត។ ប្រាសាទដែលអ្នកស្រុកហៅ "តុប" ភាគច្រើនជាប្រាសាទមានតួទោល ហើយបាក់រលំនៅផ្នែកខាងលើធ្វើឲ្យមានរាងទាប។ ប្រាសាទ តុបនៅក្នុងបរិវេណអង្គរធំមានពីរ មួយទៀតនៅខាងលិចប្រាសាទបាយន្ត។
ដើម្បីឲ្យងាយយល់ និងចំណាំ សព្វថ្ងៃគេហៅប្រាសាទតុបខាងកើត និងប្រាសាទតុបខាងលិច។ ប្រាសាទ តុប (ខាងកើត) នេះ មានចុះ បញ្ជីនៅក្នុងសៀវភៅលោក Lunet de Lajonquière "Monument 487"។ ប៉ុន្តែតាមសិលាចារឹករបស់ ប្រាសាទនេះផ្ទាល់មានឈ្មោះដើម "Maṅgalārtha =មង្គលាថ៌?" ដែលជា ឈ្មោះមន្ត្រីធំម្នាក់និងជាអ្នកសាងប្រាសាទនេះ។