ម៉ាឡេស៊ី ប្រកាសបើកប្រទេសឡើងវិញនាខែមីនា ដើម្បីសង្គ្រោះ និងប្រយោជន៍សេដ្ឋកិច្ចជាតិ

កូឡាឡាំពួ៖ ប្រទេសម៉ាឡេស៊ី ក្រោយពីប្រកាសបិទប្រទេសអស់រយៈពេលជាច្រើនខែរួចមក ឆាប់ៗខាងមុខនេះ នឹងត្រៀមបើកប្រទេសដំណើរការពេញលេញឡើងវិញហើយ ដើម្បីស្ដារសេដ្ឋកិច្ចសង្គម ពិសេសជួយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងវិស័យទេសចរណ៍ និងចាប់ផ្ដើមបើកទទួលការវិនិយោគទុនឡើងវិញក្រោយផ្អាកជិត ២ ឆ្នាំកន្លងមក។

ក្រុមប្រឹក្សាជាតិរបស់ម៉ាឡេស៊ី កាលពី បានអនុម័ត ដោយសម្រេចប្រកាសជាផ្លូវការ ក្នុងការបើកដំណើរការប្រទេសប្រទេសឡើងវិញ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតទៅហើយ ដោយទទួលស្វាគមន៍រាល់ភ្ញៀវទេសចរ និងវិនិយោគិន មកពីគ្រប់បណ្ដាប្រទេសទាំងអស់ តែត្រូវអនុវត្តតាមគោលការណ៍ និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល។ ការសម្រេចនេះ នឹងជួយជ្រុមជ្រែងទៅដល់សេដ្ឋកិច្ចម៉ាឡេស៊ី ឱ្យមានភាពល្អប្រសើរឡើងវិញនាឆ្នាំ ២០២២ ដោយសម្រាល់បន្ទុកផ្ទៃក្នុងបានមួយភាគ។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ម៉ាឡេស៊ី បានឱ្យដឹងថា ដើម្បីជម្រុញឱ្យការទៅដល់ដែនដីជាតិរបស់ម៉ាឡេស៊ី បានកាន់តែច្រើន អ្នកធ្វើដំណើរទាំងអស់ ពុំតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀតនោះទេ ដោយនីតិវិធីនេះត្រូវលុបចោល។ យ៉ាងណាមិញ អ្នកធ្វើដំណើរទាំងអស់ តម្រូវឱ្យធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ ជាមុនតាមរយៈម៉ាស៊ីន PCR មុននឹងចាកចេញពីប្រទេសខ្លួន មកកាន់ម៉ាឡេស៊ី ៣ ថ្ងៃជាមុន។ សម្រាប់លក្ខខណ្ឌសំខាន់ៗផ្សេងទៀត ក្នុងការរៀបចំផែនការនេះឱ្យដំណើរការ នឹងត្រូវប្រកាសឡើងនាពេលដ៏ខ្លីខាងមុខនេះ ក្នុងការចូលរួម និងរួបរួមគ្នាអនុវត្ត។

តាមការវាយតម្លៃដំបូងរបស់រដ្ឋាភិបាលម៉ាឡេស៊ីបង្ហាញថា ការបើកប្រទេសដំណើរការឡើងវិញនេះ នឹងទាក់ទាញវិនិយោគិនអន្តរជាតិ ឱ្យមកវិនិយោគកាន់តែច្រើន ដែលនឹងបើកឱកាសក្នុងការពង្រីក និងចាប់ផ្ដើមដំណើរការអាជីវកម្ម និងការធ្វើពាណិជ្ជកម្មប្រសើរជាងមុន។ ទន្ទឹមគ្នានោះដែរចំនួនភ្ញៀវទេសចរ នឹងមកកំសាន្តកាន់តែច្រើន ដែលនឹងសម្រាល់បន្ទុកដល់ពលរដ្ឋឱ្យមានការងារធ្វើឡើងវិញ ជួយទៅដល់ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកដំនើរការ និងជើងហោះហើរឡើងវិញជាដើម។ 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកដំណើរ ឬធ្វើដំណើរទៅម៉ាឡេស៊ីទាំងអស់ត្រូវធ្វើចត្តាឡីស័ក ១០ ថ្ងៃ បើទោះបីជាបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ និងអវិជ្ជមានក៏ដោយ ខណៈអ្នកបានចាក់ដូសជម្រុញ នឹងត្រូវធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ។ វិធានការ ដែលត្រូវគោរពសំខាន់ៗ នឹងត្រូវប្រកាសចេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីធានាទៅដល់ការអនុវត្តរបស់មន្ត្រី ពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់៕