អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង ក្លាយជាគោលដៅទេសចរណ៍ដ៏ សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងសិក្សាស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត យ៉ាងស្រស់ស្អាត មានរចនាបថបញ្ចូលគ្នារវាងកម្ពុជា និងប្រទេសបារាំង ។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាជ្ញាធរបានរៀបចំនិងបង្កើន កិច្ចការ ការពារអភិរក្ស មិនឱ្យរុះរើវាយកំទេចចោល ប៉ុន្តែ មានតែការអនុញ្ញាត ឱ្យជួស ជុល អគារសល់ពី សម័យបារំាង ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងខេត្ត និងការពារទុកជាបេតិកភ័ណ្ឌជាតិ ខ្មែរ។
លោកបញ្ជាក់ថា តាមរយៈនេះ ខេត្តបាត់ដំបងបានប្រែក្លាយ ទៅជាទីក្រុងប្រវត្តិសាស្រ្តជាមួយបរិស្ថាន ដោយកែលម្អជាក្រុងបៃតង មានដើមឈើ និងសួនច្បារតាមដងស្ទឹង ដែលជាទីទាក់ទាញភ្ញៀវទេសចរ មកទស្សនា។ លោកបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមានការកើនឡើងនៅក្នុងខេត្តបាត់ដំបង ក្នុង នោះភាគច្រើនពួកគេចូលចិត្តមកទស្សនាសំណង់អគារពីបុរាណ ជាពិសេសអគារបន្សល់ទុកពីសម័យ បារាំងប្រមាណជា៨០០ខ្នង ខណៈដែលរដ្ឋបាលខេត្តបាត់ដំបងបានដាក់តំបន់សំណង់ផ្ទះល្វែងទាំងនោះ ជាតំបន់ការពារ និងអភិរក្សបេតិកភ័ណ្ឌដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា ។ «ឥឡូវយើងរៀបចំបានច្រើន អ៊ីចឹងតំបន់អភិរក្ស ទាំងអស់នេះគឺ ក្រុមការងារបានរៀបចំរចនា និងរៀបចំ ផ្លូវដើរថ្មើរជើង របស់ភ្ញៀវទេសចរនៅតាមតំបន់អភិរក្សនេះ ដោយគណៈអភិបាលខេត្តបានយកចិត្តទុកដាក់ ខ្លាំង ឆាប់ៗនេះ។ មានរៀបចំសណ្តាប់ធ្នាប់ ការរៀបចំចំណត ការរៀបចំដាក់សំរាម ឱ្យបានល្អនៅតាមផ្លូវ ជាតិ អ៊ីចឹងតំបន់អភិរក្សទាំង៨០០ខ្នង យើងរក្សាបាននោះនឹងមានភាពទាក់ទាញខ្លាំង»។
សូមបញ្ជាក់ថា សំណង់អគារមានប្រមាណជា៨០០ខ្នងដែលបានសាងសង់ឡើងដោយស្ថាបត្យករដែល មានទឹកដៃកម្រិតខ្ពស់នៅសម័យកាលបីខុសគ្នា គឺសម័យសៀមគ្រប់គ្រង សម័យអាណានិគមបារាំងនិង សម័យសង្គមរាស្រ្តនិយម(១៩០៧ ដល់ ១៩៧០)៕