ក្រុមហ៊ុន Suzuki Motor ជប៉ុននឹងបោះទុនចំនួន 1.3 ពាន់លានដុល្លារសម្រាប់ការផលិតរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌា

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីថ្ងៃសៅរ៍ 19 មីនា ថា ក្រុមហ៊ុន Suzuki Motor របស់ប្រទេសជប៉ុន គ្រោងនឹងវិនិយោគទឹកប្រាក់ប្រហែល 150 ពាន់លានយ៉េន ឬស្មើនឹង 1.26 ពាន់លានដុល្លារអាមេរិក ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយនៅក្នុងប្រទេសឥណ្ឌា។ ស្របគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីជួបសមភាគីជាមួយលោកនាយកមន្ដ្រីឥណ្ឌា Narendra Modi កាលពីថ្ងៃសៅរ៍។

ផែនការវិនិយោគរបស់ក្រុមហ៊ុន Suzuki នេះក៏ជាផ្នែកមួយនៃការប្រកាសផ្ដល់ប្រាក់វិនិយោគចំនួន 5 ពាន់ពាន់លានយ៉េនក្នុងរយៈពេល 5 ឆ្នាំរបស់លោក Kishida នៅប្រទេសឥណ្ឌាខាងមុខផងដែរ។ នេះបើយោងតាមសារព័ត៌មាន Nikkei business daily ។ ក្រុមហ៊ុន Suzuki បានសម្រេចចិត្តបង្កើតខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសឥណ្ឌាក្នុងគោលបំណងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំ 2025។ តែយ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Suzuki Motor មិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិតច្រើននោះទេ។