រចនាសម្ព័ន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត កំពុងស្ថិតនៅក្នុងការជួសជុល ឲ្យរឹងមាំឡើងវិញ ដើម្បីអាចឈរជើងបន្តទៀត សម្រាប់កូនខ្មែរជំនាន់ក្រោយៗ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានកំពុងចាប់ផ្តើមជួសជុល រចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ដែលមានភាពខូចខាតធ្ងន់ធ្ងរ។

ជាក់ស្តែង ក្នុងនោះដែរ ប្រធានក្រុមការងារជួសជុល បណ្ណាល័យខាងត្បូងនេះ លោក ឃាម មុនី បានបញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពី លើរហូតដល់ក្រោម។

មិនតែប៉ុណ្ណោះ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យ ហែកចេញពីគ្នា ដំបូលមួយចំនួន ត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយ ជាដើម ដែលទាមទារ ការជួសជុលជាបន្ទាន់។

ក្រុមការងារ នឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ជាទីបំផុត ដើម្បីធានាបាននូវរចនាសម្ពន្ធ របស់បណ្ណាល័យខាងត្បូងនេះ ឲ្យអាចឈរជើងរឹងមាំបន្តទៀត សម្រាប់ជាមត៌កដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា