អង្គរវត្តកម្ពុជា ទទួលបានលេខ ៧ ក្នុងតារាងចំណាត់ថ្នាក់កំពូល នៃទីតាំងដែលត្រូវបាន Tag ច្រើនបំផុត (ជាង ១,៧ លាន Tags) នៅក្នុងបណ្តាញសង្គម TikTok និង Instagram


បរទេស៖ ដូចដែលយើងបានដឹងរួចស្រាប់មកហើយថា ប្រាសាទអង្គរវត្ត ដែលជាមត៌កមហាសាល របស់ប្រទេសកម្ពុជា និងកូនខ្មែរគ្រប់រូប គឺជាសម្បត្តិបេតិកភណ្ឌដ៏សំខាន់មួយ នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលទទួលបាន ចំណាត់ថ្នាក់កំពូលៗជាច្រើន កន្លងមក ដូចជាកន្លែង ដែលអាចទស្សនា ថ្ងៃរះ/ថ្ងៃលិច បានល្អបំផុតក្នុងពិភពលោក និងជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។

ថ្មីៗនេះ បើយោងតាមប្រភពពី SEA Infographics ដកស្រង់ពី Titan Travel បានបង្ហាញពីចំណាត់ថ្នាក់ គោលដៅកំពូលទាំង១០ របស់ពិភពលោក ដែលទទួលបានការនិយាយ ឬ Tag ច្រើនជាងគេនៅក្នុងបណ្តាញសង្គម។

SEA Infographics បានបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់នេះគឺផ្តោតលើលទ្ធផល ដែលទទួលបានពី TikTok និង Instagram ប៉ុណ្ណោះ។ ជាក់ស្តែង ប្រាសាទអង្គរវត្តកម្ពុជាយើង ក៏មានវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់ថ្មីនោះ ផងដែរ ដែលទទួលបានលេខ ៧ ក្នុងចំនួនការ Tag សរុប ១ ៧៥៥ ០៥៣ tags

ដូចគ្នានេះដែរ Gardens by the Bay របស់សិង្ហបុរី ដែលជាសមាជិកក្នុងតំបន់អាស៊ាន ជាមួយកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ ១០ ក្នុងចំនួនការ Tag សរុប ១ ២៧០ ០៩០ tags។

ដោយឡែកចំណាត់ថ្នាក់កំពូល បានទៅលើ Central Park របស់សហរដ្ឋអាមេរិក ក្នុងចំនួនការ Tag សរុប ៨ ៥១៥ ៥៥៨ tags។

នេះគឺជាតារាងចំណាត់ថ្នាក់កំពូលទាំង១០ នៃទីតាំងដែលទទួលបានការ Tag ច្រើនជាងគេ នៅក្នុង Tiktok និង Instagram ដោយ SEA Infographic។