បច្ចុប្បន្នភាពគម្រោងស្តារ គុណភាពផ្លូវជាតិលេខ ៣៣ ត្រង់ចំណុច កំពត-ច្រកលក សម្រេចបាន ៩០,៨៤% ហើយ


កំពត៖ បើយោងតាម ការចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារផ្លូវជាតិលេខ ៣៣ ដឹកនាំដោយ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង សម្របសម្រួលគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ាងអាន កាលពីថ្ងៃទី០៧ សីហា កន្លងទៅបានឲ្យដឹងថា គិតត្រឹមដំណាច់ខែកក្កដា ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ។

ជាក់ស្តែង ក្នុងបេសកកម្មលើកនេះ ក្រុមការងារបានចុះពិនិត្យ ទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើង ត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុត គំនូសចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបាន គុណភាពត្រឹមត្រូវ តាមស្តង់ដារសុវត្ថិភាព នេះបើតាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំបន្ថែម ដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារ ឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ។

គួររម្លឹកដែរថា គម្រោងស្តារផ្លូវជាតិលេខ ៣៣នេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

គម្រោងនេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

 

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន