ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” រៀបចំដោយ សមាគមសិល្បៈខ្មែរ នឹងប្រារព្ធឡើងនៅថ្ងៃ ១២-១៦​ ខែសីហា​ ខាងមុខនេះ ដើម្បីជម្រុញ និងផ្សព្វផ្សាយ វិស័យទេសចរណ៍ខេត្តសៀមរាប!


ភ្នំពេញ៖ សមាគមសិល្បករខ្មែរ គ្រោងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅសប្ដាហ៍ក្រោយនេះ ក្នុងបំណងដើម្បីផ្សព្វផ្សាយ វប្បធម៌ដល់ទេសចរណ៍ នេះបើយោងតាមព័ត៌មាន ដែលបានបង្ហោះចេញពី ផេកហ្វេសបុកផ្លូវការរបស់ សមាគមសិល្បៈខ្មែរ

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៦ សីហា ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈខ្មែរ ជាមួយនឹង ឯកឧត្តម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល មកពីអន្តរវិស័យ មួយចំនួនទៀត រួមទាំងក្រុមការងារពាក់ព័ន្ធ ដើម្បីពិភាក្សាលើ ការត្រៀមរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ចាប់ពីថ្ងៃទី ១២-១៦​ ខែសីហា​ ខាងមុខនេះ ក្នុងគោលបំណង ផ្សព្វផ្សាយពីទេសចរណ៍ នៅលើទឹកដីខេត្តសៀមរាប។

ជាក់ស្ដែងកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដី ដ៏បវរនៃខេត្តសៀមរាប ជាសក្ខីភាពបន្ថែមទៀត បង្ហាញពីការចូលរួម របស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្ត ទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគូរ ដោយផ្សាភ្ជាប់ចូលរួម ក្នុងវិស័យទេសចរណ៍ផងដែរ។

គូសសម្គាល់ដែរថា ព្រឹត្តិការណ៍នេះនឹងរៀបចំនៅ អតីតទីស្នាក់ការអង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។

បន្ថែមពីនេះដែរ សមាគមនឹងរៀបចំនូវ សកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗ មួយចំនួនទៀត ដើម្បីជាស្នាមញញឹម ដល់ភ្ញៀវទេសចរដែលបាន មកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះនឹងបើក ឱ្យមានអ្នកទស្សនាដោយសេរី ទៀតផង។