គោលទៅទេសចរណ៍ល្អបំផុតទាំង ១០ ក្នុងប្រទេសកម្ពុជា


ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញបំផុត Lonely Planet បានបង្ហាញនូវគោលដៅទេសចរណ៍ល្អបំផុតទាំង ១០ កន្លែងប្រចាំប្រទេសកម្ពុជា ដល់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្ដ ស្របពេលដែលរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញ បន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការផ្ដល់ទិដ្ឋការ។ Lonely Planet បានបង្ហាញថា កម្ពុជា ជាប្រទេសតំបន់ត្រូពិកអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញ ជាដង្ហើមជីពចរនៃសេដ្ឋកិច្ច និងជីវិតសហសម័យនៃប្រទេស ខណៈដែលសៀមរាប ជាទីក្រុងវប្បធម៌ ជាតំបន់នៃសំណង់ប្រាសាទបុរាណ អមជាមួយបណ្ដុំភោជនីយដ្ឋាន និងបារកម្សាន្ដនានា។ ចំណែកភាគខាងត្បូងនិងនិរតី ជាទីតាំងនៃឈូងសមុទ្រ សម្បូរទៅដោយឆ្នេរ និងកោះ ខណៈភាគពាយព្យ ដូចជាខេត្តបាត់ដំបង ជាទីតាំងនៃសំណង់សម័យអាណានិគម និងប្រាសាទលាក់ខ្លួននៅក្នុងព្រៃមួយចំនួនទៀត។

ខាងក្រោមនេះ គឺជាគោលដៅទេសចរណ៍ល្បីៗប្រចាំប្រទេសកម្ពុជា៖

១. តំបន់អង្គរ ទីតាំងអស្ចារ្យបំផុតនៃសំណង់ប្រាសាទ និងចម្លាក់បុរាណមានវិញ្ញាណ

ប្រាសាទអង្គរវត្ត ជាគោលដៅទេសចរណ៍សំខាន់បំផុត ប្រចាំប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទស្សនាច្រើន លំដាប់កំពូលមួយនៅលើពិភពលោក។ អង្គរវត្ត ជាវិមានសាសនាធំជាងគេលើលោក ចំណែកប្រាសាទបាយ័ន ជាប្រាសាទប្លែកពីគេជាមួយចម្លាក់មុខថ្ម ធ្វើជាប៉មប្រាសាទ ហើយតាព្រហ្ម បានលាក់ខ្លួនក្នុងព្រៃជ្រៅជាមួយធម្មជាតិ បានទិដ្ឋភាពដើមឈើរាប់រយឆ្នាំ រស់នៅជាមួយប្រាសាទបុរាណ។ ក្រៅពីនេះទៀត ប្រាសាទបុរាណតូចៗ ប៉ុន្តែមានភាពអស្ចារ្យខ្លាំង ជាមួយភាពល្អឯកខុសពីគេ ដូចជាប្រាសាទបន្ទាយស្រី បង្ហាញអំពីប្រណិតភាព និងភាពរឹងមាំ, ប្រាសាទកោះកេរ ជាសំណង់ប្រាសាទរាងសាជី ជាពីរ៉ាមីតប្រចាំប្រទេសកម្ពុជា, និងប្រាសាទបេងមាលា ដែលមានរចនាបថ្មអង្គរវត្ត ប៉ុន្តែបានដួលរលំកប់នៅក្នុងព្រៃ ជាមួយធម្មជាតិ។

២. ឈូងសមុទ្រភាគខាងត្បូង និងនិរតី ជាទីតាំងល្អបំផុតនៃតំបន់ឆ្នេរ

តំបន់ឆ្នេរសមុទ្រកម្ពុជា ស្ថិតនៅបាំងពីក្រោយដោយឆ្នេរសមុទ្រថៃ និងឥណ្ឌូនេស៊ី ប៉ុន្តែកម្ពុជាមានផ្ដល់នូវ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងតំបន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជុំវិញពិភពលោក នៅភាគនិរតី និងភាគខាងត្បូង ហើយមានសភាពស្ងប់ស្ងាត់សម្រាប់លំហែ មិនចាញ់ភ្ញៀវទេសចរច្រើនលើសលុប ដូចនៅប្រទេសថៃ ឬឥណ្ឌូនេស៊ីដែរ។ កោះរ៉ុង និងកោះរុងសន្លឹម ជាកោះពេញនិយមជាងគេនៅកម្ពុជា ដែលផ្ដល់នូវវាលខ្សាច់សក្បុស ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវស្រងាត់។ យ៉ាងណាមិញ សូមកុំរំលងវាលឆ្នេរនូវទីប្រជុំកោះ កោះស្ដេច ដែលមិនទាន់មាន ការអភិវឌ្ឍន៍ឬវិនិយោគខ្លាំងនៅឡើយ ស្ថិតនៅខេត្តកោះកុង ហើយកោះឫស្សី និងកោះតាគៀវ ជាទីតាំងល្អបំផុតសម្រាប់ backpacker ស្នាក់នៅបឹងហ្គាឡូ និងរីករាយជាមួយឆ្នេរដ៏ស្រស់ស្អាត។

៣. រាជធានីភ្នំពេញ ទីតាំងល្អបំផុតសម្រាប់ជីវិតរាត្រី និងភោជនីយដ្ឋានអាហរពេលល្ងាច

ភ្នំពេញរាជធានីនៃប្រទេសកម្ពុជា ជាទីក្រុងមានមន្ដស្នេហ៍ ដែលបានបោះជំហានចេញពីស្រមោលអតីតកាល ឈានទៅរកអនាគតដ៏ត្រចះត្រចង់។ អគារខ្ពស់រះច្រូងច្រាស់ នៅចំណុចប្រសព្វទន្លេចតុមុខនៃទីក្រុង ភ្នំពេញកំពុងក្លាយទៅជាទីក្រុងទំនើបមួយ នៅអាស៊ីអគ្នេយ៍ ដែលភ្ញៀវទេសចរអាចស្វែងរក កន្លែងសម្រាកលំហែកាយ នៅសណ្ឋាគារ ភោជនីយដ្ឋាន Skybar និងអាចជប់លៀងពេញមួយរាត្រី។ លើសពីនេះទៀត សូមកុំភ្លេចដើរទស្សនាសិល្បៈ នៅសារមន្ទីជាតិ និងស្វែងយល់ពីអតីតកាលខ្មៅងងឹត នៅសារមន្ទីរគុកទួលស្លែង ដើម្បីដឹងអំពីប្រវត្តិសាស្ត្រដ៏រុងរឿង របស់ជនជាតិខ្មែរ ឈានដល់ឆ្នាំសូន្យ និងកំពុងងើបឡើងវិញទៅជា «គុជអាស៊ី» ជាថ្មីម្ដងទៀត។

៤. ខេត្តកែប និងកំពត តំបន់ភ្នំជាប់សមុទ្រល្អបំផុតសម្រាប់អាហាសមុទ្រ

ថ្វីត្បិតតែមិនមានឆ្នេរសមុទ្រទាក់ទាញដូចនៅខេត្តព្រះសីហនុ និងកោះកុង ប៉ុន្តែកំពត និងកែប ជាទីសម្រាកលំហែកាយ និងកន្លែងភ្លក់អាហាសមុទ្រដ៏ល្អបំផុត ប្រចាំប្រទេសកម្ពុជា។ ក្រុងកំពត ជាទីល្អបំផុតសម្រាប់ backpacker អាចស្វែងរក Hostel, រមណីដ្ឋានមាត់ព្រែក, និងសណ្ឋាគារប៊ូទិក ជាច្រើនទៀតស្នាក់នៅ ហើយសូមកុំភ្លេចទស្សនា សំណង់ស្ថាបត្យកម្មបារាំងក្នុងទីក្រុង ជិះម៉ូតូទៅកន្លែងស្អាតៗតាមដងព្រែក និងរីករាយជាមួយការជិះទូកកាយ៉ាក់ និងវាលស្រែផ្សេងៗទៀត។ លើសពីនេះទៀត ក្រុងបូកគោ មានវត្តចំណាស់បន្សល់ទុក តាំងពីសតវត្សទី ៧ និងកំពុងក្លាយទៅជាទីក្រុងថ្មីមួយ យើងក៏អាចទៅទស្សនាចំការតែ និងចំការម្រេចផងដែរ។ ចំណែកខេត្តកែប ជាទីសម្រាកដ៏ពេញនិយម ដូចជាឧទ្យានជាតិកែប កោះទន្សាយ ទស្សនាថ្ងៃលិចដ៏ស្ងប់ស្ងាត់ ហើយរីករាយជាមួយនឹងអាហាសមុទ្រស្រស់នៅផ្សារក្តាម។ ខេត្តបងប្អូនភ្លោះទាំង ២ នេះអាចផ្ដល់នូវបទពិសោធន៍តំបន់ឆ្នេរសមុទ្រប្លែកពីគេ ក្នុងប្រទេសកម្ពុជា។

៥. ជួរភ្នំក្រវ៉ាញ ល្អបំផុតសម្រាប់អ្នកផ្សងព្រេង

លាតសន្ធឹងទំហំ ២០,៧៤៦ គីឡូម៉ែត្រការ៉េ ជួរភ្នំក្រវ៉ាញជាព្រៃត្រូពិក ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងត្រូវបានចុះបញ្ជីជាឧទ្យានជាតិភ្នំក្រវ៉ាញ ដើម្បីរក្សាការពារព្រៃឈើ អភិរក្សសត្វព្រៃផងដែរ។ ច្រករបៀងបៃតងនៃជួរភ្នំក្រវ៉ាញ មានផ្ទុកនូវជីវចម្រុះជាច្រើនប្រភេទ និងបង្ហាញនូវទេសភាពយ៉ាងស្រស់ស្អាត ដែលជាទីតាំងល្អបំផុត សម្រាប់អ្នកធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ។ ប្រសិនបើអ្នកអាចធ្វើដំណើរដោយម៉ូតូ នោះអ្នកនឹងអាចទៅដល់តំបន់ព្រៃជ្រៅ ដូចជាជ្រលងស្ទឹងអារ៉ែង តំបន់វាលខ្មៅខ្នងផ្សារ ដែលពេញនិយមបំផុត នៅឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃតាតៃ ដែលមានទឹកជ្រោះដ៏ត្រជាក់ និងតំបន់អេកូទេសចរណ៍ផ្សេងៗជាច្រើនទៀត។

៦. ក្រុងសៀមរាប ល្អបំផុតសម្រាប់ការជួបជុំ

ក្រោយពីបានទស្សនាប្រាសាទបុរាណ និងចម្លាក់សិល្បៈតាមជញ្ជាំងប្រាសាទ ក្រុងសៀមរាប ជាទីក្រុងសម្រាប់លំហែកាយ និងការជួបជុំ អរគុណទៅដល់ភោជនីយដ្ឋានចម្រុះ នៅក្រុងក្នុង មានហាងកាហ្វេ បារ សណ្ឋាគារប៊ូទិក ផ្សារទេសចរណ៍ និងសាលសិល្បៈនានា ដែលលោកអ្នកនឹងរីករាយ ជាមួយក្រុងសៀមរាបប្រៀបដូចជាផ្ទះទី ២ របស់អ្នកដូច្នោះដែរ។ ក្រៅពីនោះ លោកអ្នកអាចទៅទស្សនា ភូមិប្រជាជនស្វែងយល់ពីជីវភាព រស់នៅប្រជាជនក្នុងស្រុក រីករាយជាមួយ Homestays និងការជិះកង់លំហែកម្សាន្ដក្នុងក្រុង និងតាមរមណីដ្ឋានប្រាសាទនានា ក្នុងតំបន់អង្គរ។

៧. មណ្ឌលគិរី ល្អបំផុតសម្រាប់ទស្សនាសត្វព្រៃ

ស្ថិតនៅភាគឦសានប្រទេស មណ្ឌលគិរី ជាទីដែនជម្រកសត្វព្រៃ តំបន់ភ្នំដ៏ស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា។ មណ្ឌលគិរី ជាតំបន់មានជនជាតិភាគតិចរ ស់នៅច្រើន និងមានការគោរពបូជា បែបអារក្សនិយម (Animism) មកទល់សព្វថ្ងៃ។ សត្វព្រៃ ជាតំបន់ទាក់ទាញបំផុតសម្រាប់មណ្ឌលគិរី លោកអ្នកអាចនឹងបានឃើញ គម្រោងអភិរក្សសត្វដំរី Elephant Valley Project (ការពារសត្វដំរីដែលជិតផុតពូជ) និងតំបន់អភិរក្សសត្វព្រៃកែវសីមា ជាដើម។ បន្ថែមពីនោះ ភ្ញៀវទេសចរនឹង រីករាយជាមួយទឹកធ្លាក់លាក់ខ្លួនក្នុងព្រៃ វាលភ្នំដ៏ស្រស់ស្អាត និងការផ្សេងព្រេងអេកូទេសចរណ៍ ព្រមទាំងស្វែងយល់ពី វប្បធម៌ជនជាតិដើមភាគតិចផងដែរ។

៨. ខេត្តបាត់ដំបង ល្អបំផុតសម្រាប់ស្វែងយល់ពីស្ថាបត្យកម្មខ្មែរសម័យបារាំង

រីករាយជាមួយខ្យល់ត្រជាក់តាមស្ទឹងសង្កែ ភ្ញៀវទេសចរណ៍អាចទស្សនាសំណង់ផ្ទះខ្មែរ មានរចនាបថក្នុងសម័យអណានិគមបារាំង ដែលត្រូវបានអភិរក្សទុកយ៉ាងល្អបំផុត និងបានកែច្នៃទៅជាផ្ទះអាជីវកម្ម (Shophouse) សម្រាប់បម្រើសេវាកម្មនានា។ ក្រៅពីក្រុងបាត់ដំបង យើងអាចទៅកម្សាន្ដនៅជាយក្រុង ដែលមានប្រាសាទបុរាណ ដូចជាភ្នំបាណន់ វត្តចាស់ៗអាយុកាលជិត ១ សតវត្សរ៍ និងរីករាយជាមួយការសម្ដែងសិល្បៈផ្សេងៗ ដែលរៀបចំដោយ ហ្វារពន្លឺសិល្បៈ។ បាត់ដំបង ជាក្រុងមួយប្លែកពីគេ នៅក្នុងប្រទេសកម្ពុជា មិនកកកុញនឹងអគារខ្ពស់ៗ ភ្លើងរាត្រីដូចភ្នំពេញទេ ហើយក៏មានមន្ដស្នេហ៍ ដូចក្រុងសៀមរាបដែរ ប៉ុន្តែបាត់ដំបង ជាទីក្រុងនៃការអភិរក្សសំណង់វត្តចាស់ៗ និងស្ថាបត្យកម្មខ្មែរសម័យអណានិគម ហើយជាទីក្រុងនៃសិល្បៈសហសម័យ និងវប្បធម៌ប្រពៃណីផងដែរ។

៩. ព្រះវិហារ ប្រាសាទល្អឯក អមទៅដោយទេសភាពដ៏អស្ចារ្យ

ប្រាសាទព្រះវិហារ ជាប្រាសាទភ្នំដ៏អស្ចារ្យបំផុតក្នុងប្រទេសកម្ពុជា ស្ថិតនៅចុងកំពូលនៃជួរភ្នំដងរែកព្រំដែនកម្ពុជា-ថៃ គ្របដណ្ដប់ដោយព្រៃឈើក ប្រាសាទព្រះវិហារ ជាទីបរមនៃអាទិទេព និងបង្ហាញនូវសម្រស់ដ៏ស្រស់ត្រកាល។ ប្រាសាទព្រះវិហារ ចំណាយពេលជាង ៣០០ ឆ្នាំដើម្បីសាងសង់ និងបែងចែកជា ៣ វិមាត្រ ប្រាសាទនេះតំណាងកំពូលភ្នំព្រះសុមេរុ ជាចំណុចកណ្ដាល នៃសកលលោក ក្នុងទេវកថាព្រហ្មសាសនា។ ប្រាសាទព្រះវិហារ មានបង្ហាញនូវការវិវត្តន៍នៃចម្លាក់ សិល្បៈខ្មែរបុរាណក្នុងសម័យអង្គរ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រាសាទនេះលេចធ្លោបំផុត គឺត្រូវបានសាងសង់នៅលើចុងកំពូលភ្នំ ដែលធ្វើឲ្យភ្ញៀវទេសចររំភើប ក្រោយបានឃើញទិដ្ឋភាពទាំងនោះ។

១០. ក្រចេះ ល្អបំផុតសម្រាប់ដំណើរកម្សាន្ដតាមដងទន្លេមេគង្គ

ដោយសារទន្លេមេគង្គឆ្លងកាត់ក្នុងប្រទេសកម្ពុជា មានភាពអច្ឆរិយៈជាងគេបានធ្វើឲ្យ ក្រចេះ ជាខេត្តតែមួយគត់ដែលសម្បូរ សត្វផ្សោតទឹកសាបកម្ររស់នៅ តាមដងទន្លេមេគង្គ ដែលគិតចាប់ពីទីបេប្រទេសចិន រហូតដល់តំបន់ដីសណ្ដរភាគខាងត្បូង ប្រទេសវៀតណាម។ ភ្ញៀវទេសចរ អាចជិះទូកទស្សនា នៅតាមអន្លង់សត្វផ្សោត ផ្តិតរករូបភាពសត្វផ្សោតទឹកសាបកម្រ និងទស្សនាថ្ងៃលិចនៅលើទន្លេមេគង្គ។ លើសពីនេះទៀត កោះទ្រុង យើងអាចរីករាយជាមួយការជួលកង់ជិះកម្សាន្ដលើកោះ ស្នាក់នៅ Homestays ជាមួយប្រជាសហគមន៍ និងជួលទូកជិះកម្សាន្ដតាមដងទន្លេផងដែរ។