តំបន់ទេសចរណ៍ធម្មជាតិ "កោះទ្រង់" ជាកន្លែងដែលអ្នកមិនគួររំលង ពេលទៅលេងខេត្ដក្រចេះ


តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាយើង មានច្រើនណាស់សឹងតែរាប់មិនអស់ ដោយក្នុងនោះមានតំបន់ខ្លះ ក៏មានអ្នកស្គាល់ច្រើន ហើយតំបន់ខ្លះទៀត ក៏ពុំសូវមានអ្នកស្គាល់ប៉ុន្មានដែរ។ ដូច្នេះ នៅក្នុងថ្ងៃនេះក្រុមការងាររបស់យើង នឹងលើកយកតំបន់សហគមន៍ អេកូទេសចរណ៍ធម្មជាតិមួយ នៅក្នុងខេត្ដក្រចេះ មកឲ្យប្រិយមិត្តអ្នកអានភាគច្រើន បានស្គាល់ម្ដង នោះគឺ កោះទ្រង់។ កោះទ្រង់ គឺជាតំបន់ដែលអាចរាប់បានថា មានសក្ដានុពល នៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ ដ៏ស្រស់ត្រកាលមួយផងដែរ នៅក្នុងចំណោមតំបន់អេកូ-ទេសចរណ៍ដទៃទៀត ក្នុងខេត្ដក្រចេះ។ កោះទ្រង់ មានទីតាំងស្ថិតនៅ កណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ភាគខាងលិចប្រមាណ ១ គ.ម ។

ប្រវែងបណ្តោយនៃកោះនេះមានប្រមាណ ៤,៥ គ.ម ដែលលាតពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គ.ម និងអមដោយចំការដើមក្រូចថ្លុងជាច្រើន ដែលដាំដុះដោយប្រជាជននៅទីនោះ។ ដូច្នេះសម្រាប់អ្នកដែលបានទៅលេង ក៏នឹងបានភ្លក្សរសជាតិផ្លែក្រូចថ្លុងផ្អែម ពីធម្មជាតិពិតៗ ប្រចាំខេត្ដក្រចេះនេះតែម្ដង។ ក្រៅពីចំការក្រូចថ្លុង នៅចំកណ្តាលកោះមានបឹងចំនួន ២ ដែលមានចំការបនែ្ល, ស្រែប្រាំង,  និងស្រែវស្សា កំពុងលាស់ខៀវខ្ចី ស្ទើគ្រប់រដូវកាលផងដែរ។

តាមរយៈការជួយគាំទ្រ ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការអន្ដរជាតិនានា បានធ្វើឲ្យសហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់នេះ ក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។ ចំពោះសកម្មភាពទេសចរណ៍វិញ អ្នកដែលទៅ កំសាន្ដនៅកោះទ្រង់ អាចស្នាក់នៅផ្ទះសហគមន៍ សាកម្ហូបអាហារប្រចាំតំបន់ ទស្សនាសួនដំាបន្លែ  ជិះរទេះសេះ  រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺក របស់ជនជាតិវៀតណាម ហើយក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់ (ឆ្នេរផ្តើមស្នេហ៍) ដ៍ស្រស់ស្អាត ដែលអាចមើលឃើញ សម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។