មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី (EV Charging Station) មួយទៀត ត្រូវបានដាក់ដំណើរការជាផ្លូវការ នៅខេត្តព្រះសីហនុ


ព្រះសីហនុ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈក្រសួង និងស្ថានីយបញ្ចូលថាមពល យានយន្តអគ្គីសនី ដែលមានទីតាំងស្ថិតនៅជាន់ទី ៣ នៃផ្សារទំនើប ហ្យូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋាន ស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង ឯកឧត្តម ណុប ហេង តំណាងអភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធក្រោម ឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី គ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូន ប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ គោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការ ជំរុញឱ្យមានការបង្កើត មណ្ឌលផ្តល់សេវាសាធារណៈក្រោមការចង្អុលបង្ហាញ ពីឯកឧត្តមទេសរដ្ឋមន្ត្រី សំដៅចូលរួមបង្ខិត សេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ មានតម្លាភាព និងឆាប់រហ័ស ស្របតាមគោល នយោបាយកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គនាយក បានជម្រាបជូនផងដែរថា៖ ទន្ទឹមជាមួយនឹង កម្មវិធីសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ នៃមណ្ឌលផ្តល់សេវាសាធារណៈនាថ្ងៃនេះ ក្រសួងក៏មានកម្មវិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីទី ២ ក្នុងចំណោមស្ថានីយចំនួនបួន ដែលជាជំនួយរបស់អង្គការ UNDP ជាផ្នែកមួយរបស់ក្រសួង ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមជាមួយគ្នានោះដែរ ថ្លែងក្នុងមតិសំណេះសំណាល ទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់ នៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការ ផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែខិតជិតស្រប តាមតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយ បញ្ចូលថាមពលរថយន្តអគ្គិសនី នៅទីតាំងមួយចំនួន តាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ ឱ្យមានការប្រើប្រាស់ យានយន្តអគ្គសនីពីសំណាក់សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈ គ្រប់គ្រងផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវា សាធារណៈ ដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ ក្នុងការជំរុញការផ្តល់ សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការ UNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាងស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុន KTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណផងដែរ ដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមការងារ និងមន្រ្តីជំនាញ ដែលបានខិតខំប្រឹងប្រែង រៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសតភ្ជាប់ប្រព័ន្ធ និងបានរៀបចំកម្មវិធី ដើម្បីបានដាក់ដំណើរការ ជាស្ថាពរនាថ្ងៃនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូន ប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរឬពន្យារ បណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ ដើម្បីជៀសវាងការផាកពិន័យ នៅពេលបើកបរនៅតាមផ្លូវ។

ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមណ្ឌលផ្ដល់សេវា ប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេល ត្រឹមតែ ១៥ នាទីប៉ុណ្ណោះសម្រាប់ សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ថា៖ ដើម្បីយើងអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ និងប្រែក្លាយជា ប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺ៖

ទី១. ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប

ទី២. ត្រូវ មានធនធានមនុស្សល្អ

ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន

ទី៤. រៀបចំខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើ ជូនបងប្អូនប្រជាពលរដ្ឋយើង។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពី សារសំខាន់នៃសុខសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្តេចបានប្រើយុទ្ធសាស្រ្ត នយោបាយ ឈ្នះ-ឈ្នះ អភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតដល់ប្រទេសកម្ពុជាមានការរីកចម្រើន គ្រប់វិស័យ និងមានធនធានមនុស្ស ធ្វើឱ្យប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះ កិតិ្តយស លើឆាកអន្តរជាតិផងដែរ។

សូមជម្រាបជូនថា៖ មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការ ផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែ មានភាពប្រសើរឡើង។ មណ្ឌលនេះមាន ទទឹង ៩,៣ ម៉ែត្រ និងបណ្តោយ ១១,៨ ម៉ែត្រ ទំហំសរុប ១០៩ ម៉ែត្រការ៉េ រៀបចំឡើងក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធ ពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។ មណ្ឌលនេះមានបំពាក់ដោយឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារៈការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធ Internet និងសម្ភារផ្សេងៗទៀត សម្រាប់ដំណើរការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ មានកិច្ចសហការ ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់ បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋ មកស្នើសុំសេវានៅក្នុងមណ្ឌល។ ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈនេះ ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះតទៅ។

ប្រភេទសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលត្រូវផ្តល់រួមមាន៖ ប្ដូរបណ្ណបើកបរ ដាក់ពាក្យសុំត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្តជាដើម ដែលមានម៉ោងធ្វើការ៖ ០៧ថ្ងៃ ក្នុង០១សប្ដាហ៍ ពីម៉ោង ០៩ព្រឹក ដល់ ០៦ល្ងាច សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ មានលេខទូរស័ព្ទ HOTLINE ១២៧៥ និងទំព័រហ្វេសប៊ុកផ្លូវការ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនwww.fb.com/mpwt.gov.kh អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក៖ www.fb.com/gdlt.mpwt.gov.kh