ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុង ពិធីក្រុងពាលីបើក ការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូក បាត់ដំបងថ្មី ដែលមានទីតាំង នៅទល់មុខវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកបាត់ដំបងចាស់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធាន និងអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការ មួយចំនួនផងដែរ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីសាងសង់វេទិកា អុំទូកបាត់ដំបងថ្មីមួយ ឱ្យសាកសមទៅនឹង ការអភិវឌ្ឍជឿនលឿនរីកចម្រើន របស់ប្រទេសជាតិ ពិសេសខេត្តបាត់ដំបង ដែលកំពុងមាន ការអភិវឌ្ឍរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។
ឯកឧត្តម បានបន្តទៀតថា ដោយសារទីតាំងវេទិកាអុំទូកចាស់ មានសភាពតូចចង្អៀតផង ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច ដូច្នេះទើបរដ្ឋបាលខេត្ត បានឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់ វេទិកាថ្មីនេះឡើង ដែលមានទំហំធំ ស្អាតជាងមុន និងមានរៀបចំ សោភ័ណភាពទីក្រុង ឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹង ទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ មកលេងកម្សាន្ត នៅខេត្តយើងមានការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋបានបម្រើ សេវាទេសចរណ៍ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផងដែរ។
វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានបណ្ដោយ ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាម ទម្រង់បែបបទបែបខ្មែរ ហើយតាមផែនការ នឹងសម្រេចការសាងសង់ ឱ្យបានមុនពិធីបុណ្យអុំទូក បាត់ដំបងនាពេលខាងមុខនេះ។ ចំណែកវេទិកា អុំទូកបាត់ដំបងថ្មីនេះផងដែរ មានសមត្ថភាពអាចផ្ទុក មនុស្សបានប្រហែល ៤០០ នាក់ឯណោះ៕