អាស៊ានរៀបចំកិច្ចសន្ទនាគោលនយោបាយ ស្ដីអំពីសេដ្ឋកិច្ចជារង្វង់ក្នុងតំបន់


កាលពីពេលថ្មីៗនេះ លេខាធិការដ្ឋានអាស៊ាន បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា ដែលហៅកាត់ថា (ERIA) បានរៀបចំកិច្ចសន្ទនាគោលនយោបាយ ពហុភាគីមួយ តាមប្រព័ន្ធអនឡាញ ស្តីពីការពង្រឹងអំណាចដល់បណ្ដា ប្រទេសអាស៊ាន សម្រាប់សេដ្ឋកិច្ចជារង្វង់ក្នុងតំបន់។ កិច្ចសន្ទនាគោលនយោបាយនេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធនានា មកពីវិស័យផ្សេងៗទូទាំងតំបន់ ដើម្បីចែករំលែកការងារ របស់អាស៊ានទៅលើរង្វង់សេដ្ឋកិច្ច, វាយតម្លៃការអនុវត្ត ដែលមានស្រាប់នៅក្នុងតំបន់ និងកំណត់ការរំពឹងទុក របស់បណ្ដាប្រទេស ទាំងនោះជាដើម។

នៅក្នុងកិច្ចសន្ទនាគោលនយោបាយនេះ អគ្គលេខាធិការរងអាស៊ាន សម្រាប់សហគមន៍សេដ្ឋកិច្ច អាស៊ាន (AEC) លោក Satvinder Singh ជាអ្នកថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា និងបានលើកឡើងពីតួនាទីសំខាន់ៗ នៃរង្វង់សេដ្ឋកិច្ចក្នុងតំបន់ ដូចជាការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិច ដើម្បីជួយដោះស្រាយ ការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ពហុភាគីដើម្បីសម្រួលដល់ការអនុវត្ត រង្វង់សេដ្ឋកិច្ចក្នុងតំបន់ជាដើម។ កិច្ចសន្ទនានេះ បានគូសបញ្ជាក់ផងដែរ ពីសារៈសំខាន់នៃការតម្រង់ទិសដៅ នៃវិធានការណ៍សេដ្ឋកិច្ចជារង្វង់នេះ ជាមួយនឹងការប្តេជ្ញាចិត្ត ការពារបរិស្ថាន និងគ្រោងការណ៍ នៃការចាត់ថ្នាក់របស់អាស៊ាន។ ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលបានលើកឡើង ភាគច្រើនទាក់ទងអំពីការផ្លាស់ប្តូរអាកប្បកិរិយា របស់អ្នកផលិត និងអ្នកប្រើប្រាស់ ក្នុងឆ្ពោះទៅរក ការអនុវត្តសេដ្ឋកិច្ចជារង្វង់ ការទប់ស្កាត់កង្វះខាត ទីផ្សារសម្រាប់ទំនិញបន្ទាប់បន្សំ កាត់បន្ថយសកម្មភាព ដែលបែកបាក់នៅទូទាំងតំបន់ និងបង្កើនសមត្ថភាពបច្ចេកទេស ដែលនៅមានកម្រិត។

ជាលទ្ធផលនៃកិច្ចសន្ទនា គោលនយោបាយនេះ នឹងត្រូវចាត់ទុកជា ឯកសារយោង សម្រាប់ការអភិវឌ្ឍកម្មវិធីការងារផ្សេងៗ ដើម្បីគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌ សម្រាប់សេដ្ឋកិច្ចជារង្វង់របស់ AEC ។ បន្ថែមពីនេះ កម្មវិធីការងារទាំងនោះ នឹងមានគោលបំណង ជួយសម្រួលដល់ការចែករំលែក ចំណេះដឹង ដើម្បីកំណត់តំបន់ សម្រាប់កិច្ចសហការ ដែលអាចធ្វើទៅបាន និងផ្តល់នូវអនុសាសន៍ គោលនយោបាយ ក្នុងការធ្វើសមាហរណកម្ម ក្នុងរង្វង់សេដ្ឋកិច្ចតំបន់ និងជំរុញកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់អាស៊ានបន្ថែមទៀត៕