ភ្ញៀវទេសចរបរទេស ទៅកំសាន្តនៅរមណីយដ្ឋានអង្គរ នារយៈពេល ៦ ខែកន្លងទៅ កើនឡើងជាង ១០ដង បើធៀបនឹងឆ្នាំមុន


សៀមរាប៖ ក្នុងរយៈពេល ៦ ខែ នាឆ្នាំ២០២២ នេះ ចំនួនភ្ញៀវទេសចរ ដែលបានទៅកំសាន្ត នៅរមណីយដ្ឋានអង្គរ បានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលស្ថានភាពនៃជំងឺកូវីដ-១៩ ចាប់ផ្ដើមធូរស្បើយច្រើន នៅពេលរាជរដ្ឋាភិបាលកម្ពុជា បើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ គិតចាប់ពីចុងឆ្នាំ ២០២១ មក។

ស្របពេលស្ថានភាពដ៏ល្អប្រសើរនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅកំសាន្តនៅខេត្តសៀមរាប ពិសេសគឺរមណីយដ្ឋានអង្គរ ទីក្រុងបុរាណកាលរបស់បុព្វបុរសខ្មែរ បានកើនឡើងច្រើនជាបន្តបន្ទាប់ ក្នុងនោះមានចំនួនជាង ៥៩.៩៨៣ នាក់ ជាភ្ញៀវទេសចរបរទេស នេះបើយោងតាមរបាយការណ៍ បូកសរុបចុងក្រោយ ចេញផ្សាយរបស់គ្រឹះស្ថានអង្គរ។ ការកើនឡើងនេះ បើធៀបទៅនឹងរយៈពេល ៦ ខែ នាឆ្នាំ២០២១ កន្លងទៅ បានកើនឡើងច្រើនជាង ១០ដង ឯណោះ។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ស្ថិតក្នុងតួរលេខកើនឡើងដ៏ល្អនេះ ថវិការដែលទទួលបានពីការ ចូលកំសាន្តនៅក្នុងរមណីយដ្ឋានអង្គរ សរុបជាទឹកប្រាក់មានប្រមាណជា ២,៤២ លានដុល្លារអាមេរិក ចេញពីការលក់សំបុត្រចូលទស្សនា ដោយពុំតាន់រាប់បញ្ចូលថ្លៃស្នាក់នៅ ធ្វើដំណើរ ចំណីអាហារ ភេសជ្ជៈ និងថ្លៃចំនាយផ្សេងៗទៀត របស់ភ្ញៀវទេសចរនៅឡើយទេ។ ការមកដល់របស់ភ្ញៀវទេសចរ មិនថាទេសចរផ្ទៃក្នុង និងអន្តរជាតិនោះទេ បានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដោះស្រាយ ទៅដល់វិបត្តិទេសចរណ៍ របស់ខេត្តសៀមរាបឱ្យប្រសើរឡើង។

អាជ្ញាធរជាតិអប្សរា បានធ្វើការព្យាករណ៍ថា មើលទៅលើស្ថានភាពបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរ ដែលរមណីយដ្ឋានអង្គរអាចទទួលបាន នឹងបន្តកើនឡើងបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំនេះ ហើយនឹងបន្តទៅឆ្នាំក្រោយថែមទៀត។ គួរបញ្ជាក់ថា មុនឆ្នាំ២០២០ រមណីយដ្ឋានអង្គរ បានទទួលភ្ញៀវបានប្រមាណ ២,២ លាននាក់ ក្នុងមួយឆ្នាំ ដោយរកចំណូលជូនជាតិមាតុភូមិ បានប្រមាណជា ៩៩ លានដុល្លារអាមេរិក៕