មន្ត្រីអាស៊ានពិភាក្សាគ្នា លើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ យុទ្ធនាការទីផ្សារ និងការកែលម្អស្តង់ដារទេសចរណ៍ ដើម្បីស្តារវិស័យដ៏សំខាន់នេះឡើងវិញ


កាលពីថ្ងៃទី 5 និងទី 6 ខែកក្កដា បណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន បានចូលរួមសន្និសីទនិម្មិតមួយ (Virtual Conference) ស្តីពីវិស័យទេសចរណ៍ ដោយបានពិភាក្សាគ្នា អំពីវិធីទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន និងធានាដល់សុខភាព និងសុវត្ថិភាពរបស់ពួកគេ ខណៈដែល មេរោគរាតត្បាតកូវីដ-19 នៅតែបន្តឆ្លងរាលដាល។

យោងតាមអត្ថបទមួយ របស់សារព័ត៌មានប្រចាំថ្ងៃ វៀងច័ន្ទន៍ថែមស៍របស់ប្រទេសឡាវ កិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ានលើកទី 56 ស្តីពីទេសចរណ៍ បានកត់សម្គាល់ថា ប្រទេសជាសមាជិកជាច្រើន បានអនុម័តគោលនយោបាយ និងវិធានការណ៍ ដើម្បីសម្រួលដល់ ការធ្វើដំណើរក្នុងតំបន់ ដូចជាសម្រួលនីតិវិធី សម្រាប់ការចូលទៅដល់ និងការចាកចេញរបស់ភ្ញៀវទេសចរ។ មន្ត្រីអាស៊ានដែលចូលរួម បាននិយាយថា ពួកគេនឹងបន្តធ្វើការងាររួមគ្នា ដើម្បីស្តារវិស័យទេសចរណ៍ នៅក្នុងតំបន់ក្រោមផែនការ សកម្មភាពដែលបានអនុម័ត កាលពីដើមឆ្នាំនេះ ដោយសហការជាមួយ វិស័យពាក់ព័ន្ធនានា។

គោលដៅចុងក្រោយ គឺធ្វើឱ្យឧស្សាហកម្មនេះ មានភាពរស់រវើកឡើងវិញ និងស្ដារចំនួន អ្នកទស្សនាឡើង វិញឱ្យដល់កម្រិត មុនមានជំងឺរាតត្បាត។ ការងាររបស់ពួកគេរួមមាន ការអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ចម្រុះ យុទ្ធនាការទីផ្សារ ការកែលម្អស្តង់ដារទេសចរណ៍ និងការតភ្ជាប់ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជី ថលបន្ថែមទៀត ដើម្បីផ្តល់ឱ្យភ្ញៀវទេសចរ នូវលទ្ធភាពទទួលបាន ព័ត៌មានកាន់តែងាយស្រួល។

លើសពីនេះទៀត អាជ្ញាធរក្នុងតំបន់អាស៊ាន នឹងធ្វើការងារជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងវិស័យនេះ និងបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ៕