ទីបំផុតធនាគារជាតិប្រទេសគុយវ៉ែត បានបិទបញ្ចប់ការសាងសង់ ជាស្ថាពរហើយ ក្រោមស្នាដៃនៃ ក្រុមការងារស្ថាបត្យករ ដ៏ល្បីល្បាញ Foster + Partners ដោយរំលេចមក ជាមួយរចនាបទ ទំនើបអស្ចារ្យ បំពាក់មកជាមួយបច្ចេកវិទ្យាទំនើប ឈរនៅកណ្ដាលទីក្រុង ស្ថិតនៅបណ្ដុំសង្កាត់សេដ្ឋកិច្ច។
ស្នាដៃស្ថាបត្យកម្មរបស់ Foster + Partners បានបញ្ចប់ ការសាងសង់អគារខ្ពស់កម្ពស់ ៣០០ ម៉ែត្រ មាន ៦៣ ជាន់ជាផ្លូវការហើយ ដោយឈរបង្ហាញខ្លួន នៅកណ្ដាលទីក្រុង ជាមួយរូបរាងប្លែក កម្រនឹងបានឃើញ ដោយមើលពីខាងក្រៅ។ អគារធនាគារជាតិ របស់ប្រទេសគុយវ៉ែតមួយនេះ បង្កើតឡើងដើម្បីបង្កើនផលិតភាព ផ្ដល់នូវភាពស្រស់ស្រាយ ទៅដល់បុគ្គលិកបំពេញការងារ និងផ្សាភ្ជាប់ទៅនឹងធម្មជាតិ ដោយបង្កើននូវភាពទាក់ទាញ ច្នៃប្រឌិត និងពោពេញទៅដោយថាមពល។
រូបរាងមើលពីខាងក្រៅ អគារធនាគារនេះ ប្រៀបបានដូចជាអគារ ២ ខ្នងគៀបចូលគ្នា ផ្សាភ្ជាប់ដោយកញ្ចក់នៅចំកណ្ដាល ដែលមានរចនាបទឆ្នូត ពីក្រោមឡើងទៅលើ ស្រដៀងទៅនឹង សត្វត្រីបាឡែនដូច្នោះដែរ។ ជាក់ស្ដែង នៅខាងក្រោមបន្ទះពណ៌ស ឡើងទៅលើនោះ ជាផ្ទាំងកញ្ចក់ក្រាស់ៗ បង្កប់មកជាមួយសរសៃដែក ធានាទៅដល់សុខសុវត្ថិភាព របស់អ្នកស្នាក់នៅខាងក្នុង ហើយនៅពេលរាត្រី បញ្ចេញពន្លឺមកខាងក្រៅ ទៅតាមជាន់នីមួយៗ។
ផ្នែកខាងក្នុងគឺជាភាពទាក់ទាញ នៃការស្នាក់នៅក្នុង អគារសម័យទំនើប ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ពិសេសគឺរចនាបទ នៃស្ថាបត្យកម្មផ្ទៃខាងក្នុង ដែលផ្សាភ្ជាប់កញ្ចក់ រាងកោងនៅផ្ទៃកណ្ដាល សាច់បេតុងក្រាលដោយ ផ្ទាំងលោហៈមានចំណាំងផ្លាត អមមកជាមួយ។ អគារនេះ បែងចែកទីកន្លែង បំពេញការងារទៅតាមជាន់ ដោយជាន់ទី១ ដល់ជាន់ទី១៧ ជាទីកន្លែងបំពេញការងារ របស់បុគ្គលិក និងជាន់ទី១៨ ជាភោជនីយដ្ឋាន ជាន់ទី១៩ ជាកន្លែងហាត់ប្រាណ ជាន់ទី២៨ ជាកន្លែងទស្សនាទីក្រុង និងមានជាន់ផ្សេងៗទៀត ដែលនឹងត្រូវប្រើប្រាស់ តាមតម្រូវការរបស់ធនាគារជាតិ។
គួរបញ្ជាក់ថា អគារនេះពុំត្រូវបានប្រសិទ្ធនាម ដើម្បីហៅជាផ្លូវការនោះទេ តែឈ្មោះដែលអន្តរជាតិ ហៅជាផ្លូវការ គឺជាទីស្នាក់ការកណ្ដាល នៃធនាគារជាតិគុយវ៉ែត ដែលបានចំនាយថវិកា សាងសង់ប្រមាណជា ៤៣៣,២ លានដុល្លារអាមេរិក មានផ្ទៃក្រឡាសរុប ១២៧.០០០ ម៉ែត្រការ៉េ៕