សៀមរាប៖ ក្រោយចំនាយពេលអស់ជាច្រើនខែ ក្នុងការស្ដារ ក៏ដូចជាជួសជុល ឱ្យមានភាពល្អប្រសើរឡើងវិញ នៃស្នាដៃស្ថាបត្យកម្មសំណង់បុរាណ នៃបុព្វបុរសខ្មែរ នៅទីបំផុតកំពង់ទឹក របស់ស្ពានហាល នៃស្រះស្រង់ ស្ថិតនៅតំបន់អង្គរ បានបញ្ចប់ជាស្ថាពរហើយ។
ការជួសជុលកំពង់ទឹកស្ពានហាន នៃស្រះស្រង់ ស្ថិតនៅផ្នែកខាងត្បូង ដែលដើមឡើយមានសភាពទ្រុឌទ្រោម ដោយសារតែអាយុកាល អាកាសធាតុ និងកត្តាជាច្រើនទៀត ឥឡូវនេះត្រូវបានជួសជុល ឱ្យមានភាពល្អប្រសើរ ឡើងវិញហើយ។ ការជួសជុលកំពង់ទឹកមួយនេះ ត្រូវបានទទួលបន្ទុកសាងសង់ ដោយនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្ដើម បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ។
ទន្ទឹមនឹងការជួសជុល អស់រយៈពេល ៧ ខែកន្លងទៅនេះ ក៏ដើម្បីពង្រឹងរចនាសម្ព័ន្ធ របស់កំពង់ទឹកស្ពានហាល ឱ្យមានរូបរាងដើម និងរឹងមាំឡើងវិញផងដែរ។ តាមការបញ្ជាក់របស់ លោក ក្រឹម គ្រួន ជាអ្នកគ្រប់គ្រងការដ្ឋាននេះ បានបញ្ជាក់ឱ្យដឹងអំពីមូលហេតុ ដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កំពង់ទឹក របស់ស្ពានហាលនៃស្រះស្រង់ ផ្នែកខាងត្បូង រងនូវការខូចខាត ដោយសារអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្ម បាយក្រៀមខាងក្រោម ឫសឈើចាក់ជ្រែក ទៅក្នុងថ្មធ្វើឱ្យ ថ្មរំកិលខុសពីទីតាំងដើម។
ស្ថិតក្នុងការចាប់ផ្ដើមការដ្ឋានដំបូង ការងារជំហានដំបូង ក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយ បុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយពីពង្រឹងគ្រឹះ ដោយប្រើវិធីសាស្រ្តបុរាណ ឡើងវិញរួចរាល់ អ្នកជំនាញបានរៀបចំផ្គុំថ្មបាយក្រៀម និងថ្មភក់ទៅតាមលំនាំដើម ដោយបន្ថែមថ្មថ្មី ក្នុងចំនួនតិចបំផុត ហើយក្រុមការងារ បានបិទភ្ជិតមុខដំណរថ្ម ដើម្បីការពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។
គួររំលឹកឡើងវិញផងដែរថា កំពង់ទឹកស្រះស្រង់ ស្ថិតនៅទិសខាងត្បូងនេះ ធ្លាប់ត្រូវបានជួសជុល កាលពីសម័យបារាំង រួចម្តងមកហើយ ដោយការរៀបថ្ម ចាក់បេតុង ចាក់ល្បាយដី ពង្រឹងគ្រឹះឡើងវិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀងបានហូរច្រោះ គ្រឹះបណ្តាលបាក់ស្រុត តាមកន្លែងផ្សេងៗជាអន្លើរ។ ក្រោយបញ្ចប់ការជួសជុល កំពង់ទឹកផ្នែកខាងត្បូងនេះ គឺជាស្នាដៃពិសេស ដែលរក្សាបាននូវភាពរឹងមាំ ស្ថិតនៅគង់វង្សយូរអង្វែង សម្រាប់បង្ហាញទៅដល់ កូនចៅខ្មែរជំនាន់ក្រោយ ជាបន្តទៀត និងលើកកម្ពស់សោភ័ណភាព របស់ស្ពានហាលនេះ កាន់តែមានភាពស្រស់ស្អាតទ្វេឡើង៕