ក្រុមហ៊ុនប្រេងឥន្ធនៈ របស់ម៉ាឡេស៊ី ត្រូវបានព្យាករណ៍ថា នឹងផ្តល់ថវិកាច្រើនជាង 13 ពាន់លានដុល្លារដល់ថវិកាជាតិ ដើម្បីទប់ស្កាត់អតិផរណាក្នុងតំបន់


ទីក្រុងកូឡាឡាំពួរ៖ ក្រុមហ៊ុន Petroliam Nasional Bhd (Petronas) ជាក្រុមហ៊ុនថាមពលរដ្ឋរបស់ ម៉ាឡេស៊ី រួមមានការបូមប្រេងឆៅ និងចម្រាញ់ ព្រមទាំងការផ្តត់ផ្គង់ឧស្ម័នហ្គាស ដល់ប្រទេសនេះ និងដល់បណ្តាប្រទេស ជាច្រើនទៀត។ ក្រុមហ៊ុននេះបានបង្កើតឡើង តាំងពីឆ្នាំ 1974 មក នាពេលបច្ចុប្បន្ននេះ ស្ថិតក្រោមការគ្រប់គ្រងដោយ នាយកប្រតិបត្តិឈ្មោះ Tengku Razaleigh Taufik ជាមួយបុគ្គលិកកំពុងបម្រើការងារ មានរហូតដល់ 47,669 នាក់ និងទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនសរុប មានតម្លៃ 144.4 ពាន់លានដុល្លារអាមេរិក។ 

ថ្លែងនៅក្នុងសម័យ ប្រជុំសភានាពេលថ្មីៗនេះ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច លោក Mustapa Mohamed បាននិយាយថា ការរួមចំណែករបស់ក្រុមហ៊ុន Petronas គឺជាប្រភពចំណូលដ៏សំខាន់ សម្រាប់រដ្ឋាភិបាលសហព័ន្ធ ដែលរំពឹងថានឹងអាច ចំណាយប្រាក់ចំនួន 77.3 ពាន់លានរីងហ្គីត ក្នុងការឧបត្ថម្ភធន និងជំនួយជាសាច់ប្រាក់នៅឆ្នាំនេះ ដើម្បីជួយសាធារណជន និងរដ្ឋាភិបាលដោះស្រាយបញ្ហាអតិផរណា ក្នុងតំបន់។

ដូចអ្វីដែល ត្រូវបានគេព្យាករណ៍ថា នឹងរួមចំណែកថវិកាច្រើនជាង 59 ពាន់លានរីងហ្គីត ស្មើហ្នឹង 13.25 ពាន់លានដុល្លារអាមេរិក ដល់ថវិការដ្ឋាភិបាលក្នុងឆ្នាំនេះ ដែលកើនឡើងពី មួយឆ្នាំទៅមួយឆ្នាំប្រហែល 12% ឯណោះ។

នៅឆ្នាំ 2021 ក្រុមហ៊ុនបានរួមចំណែក 48.2 ពាន់លានរីងហ្គីត ក្នុងការបង់ពន្ធ និងការទូទាត់ សាច់ប្រាក់ដល់រដ្ឋាភិបាល។ លោក Mustapa បានបន្ថែមថា Petronas រំពឹងថានឹងទទួលបាន ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួច សរុបប្រហែល 75 ទៅដល់ 80 ពាន់លានរីងហ្គីតនៅឆ្នាំនេះ។