ទីម័រឡេស្តេ (Timor-Leste) រំពឹងថានឹងអាចក្លាយជាសមាជិកអាស៊ានទី១១ នៅឆ្នាំក្រោយនេះ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជា ប្រធានអាស៊ាននៅឆ្នាំ២០២២ បានមានប្រសាសន៍ថា ទីម័រឡេស្តេ សង្ឃឹមថា នឹងអាចចូលជា សមាជិកអាស៊ានយ៉ាងយូរ នៅនៅត្រឹមឆ្នាំក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ថា «ដំណើរការនៃការចូលជា សមាជិកអាស៊ាន របស់ទីម័ឡេស្តេ កំពុងតែមានវឌ្ឍនភាពយ៉ាងល្អ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ ប្រទេសនេះមកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរ នៅត្រឹមឆ្នាំក្រោយ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវបណ្ឌិត អាដាហ្សា អាលប័ទីណា ហ្សាវយេ រីស្ស ម៉ាណូ (Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃប្រទេស ទីម័រឡេស្តេ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP) ថាទីម័រឡេស្តេ កំពុងទន្ទឹងរង់ចាំលទ្ធផលពី ក្រុមការងារបេសកកម្មស្វែងរកការពិត ស្តីពីដំណើរការសុំចូលជា សមាជិកអាស៊ាន របស់ទីម័រឡេស្តេ។ លោកជំទាវបានបញ្ជាក់ «ឥឡូវនេះ ខ្ញុំអាចនិយាយបានថា យើងកំពុងរង់ចាំ របាយការណ៍គ្រប់ជ្រុងជ្រោយ របស់ក្រុមការងារស្វែងរក ការពិតអាស៊ាន»។ លោកជំទាវរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ឈរលើគោលការណ៍ នយោបាយទីម័រឡេស្តេ បានត្រៀមខ្លួនគ្រប់ពេល ដើម្បីក្លាយជាសមាជិកអាស៊ាន ប៉ុន្តែយើងក៏ត្រូវគោរពនីតិវិធី ដែលអនុវត្តន៍ដោយ លេខាធិការដ្ឋានអាស៊ានផងដែរ។ លោកជំទាវបានគូសបញ្ជាក់ដែរថា «ខ្ញុំសង្ឃឹមថារបាយការណ៍ គ្រប់ជ្រុងជ្រោយអាស៊ាន ស្តីពីសមាជិកភាពទីម័រឡេស្តេ នឹងចេញជាវិជ្ជមានក្នុង ពេលឆាប់ៗនេះ»។

ទាក់ទងនឹងការគាំទ្រ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសមាជិកភាពរបស់ ទីម័រឡេស្តេ លោកជំទាវរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងកោតសរសើរចំពោះ គំនិតផ្តួចផ្តើមរបស់សម្តេច ចំពោះបេក្ខភាព ទីម័រឡេស្តេ។ លោកជំទាវបានថ្លែងបន្ថែមថា «យើងពិតជាកោតសរសើរ ចំពោះការគាំទ្ររបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសម្តេចតែងតែ យកចិត្តទុកដាក់ជាពិសេស ចំពោះសមាជិកភាពអាស៊ាន របស់យើង»។ លោកជំទាវបានឱ្យដឹងទៀតថា បន្ទាប់ពីការប្តេជ្ញាចិត្ត របស់សម្តេចដែលបានថ្លែង នៅពេលកម្ពុជាចូលកាន់តំណែង ជាប្រធានអាស៊ាន ពីប្រទេសព្រុយណេ ក្នុងខែមករាថា លោកជំទាវបានមក បំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិភាក្សាជាមួយសមភាគីកម្ពុជា និងចូលជួបសម្តែង ការគួរសមនិងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន។ បើតាមលោកជំទាវ Adaljiza Albertina Xavier Reis Magno បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងទីម័រឡេស្តេ នឹងពង្រីកបន្ថែមទៀត។ ទន្ទឹមនេះ ទីម័រឡេស្តេបានដាក់ពាក្យ សុំចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ២០១១ នៅពេលដែល ឥណ្ឌូណេស៊ីធ្វើជាប្រធានអាស៊ាន ហើយចាប់តាំងពីពេលនោះមក ប្រទេសទីម័រឡេស្តេ បានខិតខំប្រឹងប្រែងជាច្រើន ដើម្បីក្លាយជាសមាជិកអាស៊ាន ពេញសិទ្ធិ។

សូមជម្រាបជូនថា រហូតមកដល់ពេលនេះ ក្រុមការងារបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើត តាមសសរស្តម្ភទាំងបី របស់អាស៊ាន បានបញ្ចប់ដោយក្រុមការងារ សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន (APSC) FFM បានបញ្ចប់នៅថ្ងៃទី០៣ ដល់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ និងក្រុមការងារសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) FFM នៅថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែកក្កដា និងក្រុមការងារបេសកកម្ម ស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២៕