៧ខែដំបូង នៃឆ្នាំ២០២២ ខេត្តសៀមរាប ទទួលភ្ញៀវអន្តរជាតិជាង ៨ ម៉ឺននាក់ នៃចំនួនភ្ញៀវសរុប ជាង ១ លាននាក់


ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរ ទៅកំសាន្តនៅក្នុងខេត្តសៀមរាប សម្រាប់រយៈពេល ៧ខែ នៃឆ្នាំ២០២២ កន្លងទៅនេះ មានការកើនឡើង ប្រសើរជាងឆ្នាំ២០២១ ច្រើន ដោយសារតែ ភាពធូរស្បើយនៃជំងឺកូវីដ-១៩ ក៏ដូចជាការបើកដំណើរការ សង្គមសេដ្ឋកិច្ចឡើងវិញ។ កំណើននេះបានធ្វើឱ្យខេត្តសៀមរាប ទទួលភ្ញៀវបានប្រមាណជាជាង ១ លាននាក់។

របាយការណ៍ផ្លូវការ ចេញផ្សាយដោយ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចំនួនសរុប ប្រមាណជា ១.២៤២.៨៥៤ នាក់ ក្នុងរយៈពេល ៧ខែ កន្លងទៅនេះ ជាអត្រាកើនឡើង រហូតដល់ទៅ ៨៩០,១៧% បើធៀបទៅនឹង រយៈពេល ៧ខែ នៃឆ្នាំ២០២១ កន្លងទៅ។ ការកើនឡើងនេះ បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការស្ដារ និងដោះស្រាយវិបត្តិ ក្នុងវិស័យទេសចរណ៍ នៃខេត្តសៀមរាប ឱ្យល្អប្រសើរឡើងវិញ ខណៈខេត្តនេះ បានរងគ្រោះអស់ពេលជិត ២ ឆ្នាំមកហើយ ដោយសារតែជំងឺកូវីដ-១៩។

តាមការបញ្ជាក់របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ទៅកំសាន្តនៅខេត្តសៀមរាប នារយៈពេល ៧ខែ កន្លងទៅនេះ មានភ្ញៀវជាតិប្រមាណ ១.១៥៩.០០០ នាក់ ជាអត្រាកើនឡើង ៧៩៨,៤៦% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ ៨៣.៨៥៤នាក់ កើនឡើងដល់ទៅ ១.៣៥១,៧៧% ឯណោះ។ ការកើនឡើងនេះ បានរួមចំណែក ពីជើងហោះហើរជាតិ (Cambodia Airway & Cambodia Angkor Air) និងអន្តរជាតិ បានដឹកជញ្ជូនភ្ញៀវទេសចរ ទៅកំសាន្តនៅខេត្តសៀមរាប មានចំនួនច្រើន ស្ថិតក្នុងសន្ទុះកំណើន ៧០% រួមមានដូចជា៖

១. ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)

២. ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប)

៣. ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប)

៤. ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប)

៥. ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប)

៦. ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប)

៧. ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប)

៨. ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

ទន្ទឹមនឹងភាពវិជ្ជមាន ក្នុងវិស័យទេសចរណ៍ សម្រាប់ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថាពេញមួយឆ្នាំ ២០២២ ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងទៅកំសាន្ត នៅខេត្តសៀមរាប នឹងមានចំនួនប្រមាណជាង ២ លាននាក់ គិតដល់ដំណាច់ឆ្នាំខាងមុខ។ សម្រាប់ឆ្នាំ ២០២៣ ខាងមុខ ប្រសិនបើស្ថានភាពពិភពលោក ពុំមានការប្រែប្រួលនោះទេ ចំនួនភ្ញៀវអន្តរជាតិ មកកំសាន្តនៅខេត្តសៀមរាប ក៏ដូចជាបណ្ដាខេត្តជាច្រើន ផ្សេងទៀតនៅកម្ពុជា នឹងមានការកើនឡើង៕